ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនី រោងចក្រចំនួន៣៥នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈជិះរថយន្តដឹកកម្មករត្រឡប់ពីធ្វើការ ហើយរថយន្តនេះបានបើកជែង ជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ចាក់ កម្មករចោលពេញផ្លូវកាលពីល្ងាច ថ្ងៃ ពុធ ៦ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែ ឆ្នាំ២០១៨ ស្ថិតនៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នៅចំពីមុខខ្លោងទ្វារចូលបន្ទាយសាលាជើងគោក។ ។
នគរបាលចរាចរ ស្រុកឧត្តុង្គ បានឲ្យដឹងថា រថយន្តបង្កម៉ាក ម៉ាសស្ដាកូរ៉េពណ៌ផ្ទៃមេឃ ស្លាកលេខគ7187ភព2 បើកបរដោយ ឈ្មោះដួង គឹមតុង ភេទប្រុស អាយុ33ឆ្នាំ នៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។ រថយន្តនេះបានដឹកកម្មករជាច្រើននាក់ចេញពីធ្វើការនៅរោងចក្រ ហើយ ខណៈកំពុងបើកបរដល៉ពាក់កណ្តាលផ្លូវ បានបើកជែងរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យក្រឡាប់ចាក់ចោល កម្មករចំនួន៣៥នាក់ តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិតមនុស្ស គ្រាន់តែ រងរបួស ស្រាលស្រី៣០នាក់ និង៥នាក់ទៀតរបួសធ្ងន់ ត្រួវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យថ្នល់ទទឹងភ្លាមៗ ។ ចំណែកអ្នកបើកបរ គេចខ្លួនបាត់ មុននគរបាលមូលដ្ឋានចុះទៅដល់ជួយសង្រ្គោះកម្មករ និងបានស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ឧដ្តុង្គ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាម ច្បាប់ ៕ សហការី