ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានដុតកំទេចទូហ្គេម ដែលម្ចាស់ទីតាំង លួចបើកខុស ច្បាប់ក្នុងមូលដ្ឋាន ចំនួន១០ទូ ជាប្រភេទទូហ្គេមបៀ ទូហ្គេមសេះ និងទូហ្គេមបាញ់ត្រី ។
លោកម៉ៅ សឿត អធិការស្តីទីនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទូហ្គេមជាច្រើនគ្រឿង ត្រូវបានដុតកម្ទេចចោល ។ ទូហ្គេមទាំងនេះ គឺ បង្ក្រាបបានចំនួន៨ករណី នាពេលកន្លងមក ។
ដោយឡែកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានធ្វើការចុះបង្ក្រាប និងរឹបអូសទូហ្គេមទាំងនេះ ពីតាមសង្កាត់ ។ ការបង្រ្កាបកន្លែងបើកហ្គេម ជាពិសេសហ្គេមបាញ់ត្រីនេះ ព្រោះវាជាប្រភព នៃល្បែងស៊ីសង ដែលបានបង្ក ផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស ធ្វើឲ្យពួគគេគេច វេសពីការរៀនសូត្ត្រ ហើយល្បែងទាំងនេះក៏ជាប្រភពនៃបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ផងដែរ។ ដោយឡែកចំពោះម្ចាស់ទីតាំងវិញ ត្រូវបានអភិបាលរូបនេះ បញ្ជាក់ថា ខាងសាលាខណ្ឌបានធ្វើការអប់រំ និងណែនាំដល់ពួកគាត់មិនឲ្យ បើកអាជីវកម្ម របៀបនេះត ទៅទៀតទេ ព្រោះវាផ្ទុយទៅនិងគោល នយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី គោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដែលមិនឲ្យកើតមានល្បែង ស៊ីសងក្នុងមូលដ្ឋាន ហើយម្ចាស់ ទីតាំង ទាំងនោះ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឈប់ ប្រកបរបរនេះទៀតហើយ។
ក្នុងនាមអាជ្ញាធរ ក៏ដូចជាគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅទាំងមូល លោកអភិបាលខណ្ឌ បានសន្យាថា នឹងបន្តសកម្មភាពបង្ក្រាប ជាបន្តបន្ទាប់ទៅថ្ងៃមុខបន្ថែមទៀត ព្រោះអាជ្ញាធរជាអ្នកបំរើប្រជារាស្ត្រ បើរវល់គិតតែខ្លាចអំណាច ឬបុណ្យសក្តិរបស់អស់ លោកជាអ្នកធំៗមួយចំនួន តើប្រជារាស្ត្រផ្ញើក្តីរំពឹង និងសេចក្តី ទុកចិត្តទៅលើអ្នក ណាបានទៀតទៅថ្ងៃមុខ ។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា នេះជាលទ្ធផល ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ បើរដ្ឋបាលសង្កាត់គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបទេ សូមរាយការណ៍ជូនគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីមានវិធានការជាបន្ទាន់ ៕ សណ្តោស