ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីប្រគល់ម៉ូតូជាង១ពាន់គ្រឿងដល់កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទូទាំងប្រទេសនៅក្នុងក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ត្រីប៉ុសិ៍្តរដ្ឋបាលគឺជាប្រតិបតិ្តករយ៉ាងសំខាន់ក្នុងការធានាស្ថេរភាពសន្តិសុខនៅតាមមូលដ្ឋាន និងជាសេវាករដែលមានសក្តានុពលក្នុងការបំរើសេវារដ្ឋបាលចំបាច់នានារបស់ប្រជាពលរដ្ឋ គឺមានន័យថាប៉ុសិ៍្តនគរបាលរដ្ឋបាលគឺជាយន្តការយ៉ាងសំខាន់ក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។
សម្តេចក្រឡាស ខេង ក៏បានបន្តមានប្រសាសន៍បន្ថែមឲ្យដឹងទៀតថា តាមទស្សនៈខាងលើនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានផ្តោតការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី ទាំងសម្ភារៈក៏ដូចជាការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការបំពាក់និងផ្តល់ជូននូវមធ្យោបាយប្រេងឥន្ធនៈថវិកា និងការកសាងទីស្នាក់ការសំរាប់ធ្វើការងារឲ្យបានសមរម្សជាដើម។
សម្តេចក៏បានលើកឡើងនូវប្រសាសន៍ថា ដូចក្នុងរបាយការណ៍ស្តីពីលទ្ធផលក្នុងការពង្រឹងប្រសិទិ្ធភាពការងារប៉ុសិ៍្តនគរបាលរដ្ឋបាលរបស់អគ្គស្នការនគរបាលជាតិដែលបានរាយការណ៍ជូនអង្គពិធីជ្រាបនោះ គឺបានឆ្លុះបញ្ចាំងអំពីការគិតគូរដោះស្រាយបង្កលកិ្ខណៈសម្បតិ្តជាបន្តបន្ទាប់ដល់ការគាំទ្រដល់ប៉ុសិ៍្តនគរបាលរដ្ឋបាល ទោះបីជាការផ្តល់ជូនទាំងនោះមិនទាន់បានឆ្លើយតបគ្រប់គ្រាន់តាមសំណូមពរ១០០%ក៏ដោយ ក៏ប៉ុន្តែយើងបានពិនិត្យគ្រប់លទ្ធភាពដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្តែងដែលអាចជម្រុញដល់ប៉ុសិ៍្តនគរបាលរដ្ឋបាលបំពេញការងាររបស់ខ្លួនបានសមរម្យ និងមានការរីកចំរើនជាបន្តបន្ទាប់។
សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកបញ្ជាក់ហើយថា ក្រសួងបានផ្តល់យានយន្តទោចក្រក្រយានយន្តចំនួន៤គ្រឿងក្នុង១ប៉ុសិ៍្ត ក៏ប៉ុន្តែអាចលើកលែងប៉ុសិ៍្តរដ្ឋបាលខ្លះអត់មានដីដើម្បីប្រើប្រាស់ម៉ូតូ ដូចជាប៉ុសិ៍្តកោះពាវាំងខាងព្រៃចាស់ឬកន្លែងមួយចំនួនទៀត។ ប្រហែលជាអាចផ្គត់ផ្គង់តាមមធ្យោបាយផ្សេង តែទោះបីជាយ៉ាងក៏ដោយម៉ូតូដែលបានផ្តល់ភូមិសាស្ត្រដីគោកអាចនិងប្រើប្រាស់ម៉ូតូបាន និងឧបត្ថម្ភប្រេងដល់ទៅ១២០លីត្រក្នុង១ត្រីមាសសំរាប់ក្នុង១ប៉ុសិ៍្តនីមួយៗ ហើយក្នុងភូមិសាស្ត្ររបស់ខ្លួនក៏មិនសូវជាធំប៉ុន្មានដែរ ហើយនៅពេលចេញប្រតិបតិ្តការម្តងៗក៏មិនអាចចេញម្តងម៉ូតូទាំង៤គ្រឿងដែរ និងថវិកា១លាន២សែនរៀលក្នុង១ត្រីមាសដូចគ្នា។
ក្នុងនោះផងដែរសម្តេចក្រហោម ស ខេង ក៏បានកោតសសើរដល់កងកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ដែលខិតខំបំពេញការងាររបស់ខ្លួនក្នុងការការពារ និងបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំសង្កាត់ដែលខ្លួនទទួលខុសត្រូវ។ និងមានការខិតខំបំពេញការងារយ៉ាងសកម្មប្រកបដោយអកប្បកិយាសមសួនរាក់ទាក់ជាមួយប្រជាពលរដ្ឋក្នុងឋានៈជាកូនចៅរបស់ប្រជាជន ព្រមទាំងបានលុបបំបាត់នូវចំណុចខ្វះខាតទាំងឡាយធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅស្រឡាញ់រាប់អាន និងចូលរួមថែរក្សសន្តិសុខមាតុភូមិតាមរយៈការប្រែប្រួលរីកចំរើននេះ បានជះឥទិ្ធពលធ្វើឲ្យស្ថានភាពបទល្មើសកាន់តែឈានទៅរកភាពល្អប្រសើរ។
សម្តេច ក៏បានបន្តលើកឡើងនូវការកើតសសើរថា ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០១៨នេះ បទល្មើសឧក្រិដ្ឋដែលមានឥទិ្ធពលបង្កភាពភ័យខ្លាចក្នុងសង្គមបានថយចុះចំនួន៩% គឺបានថយចុះ១១លើក។ ជាពិសេសបទល្មើសលួចមានស្ថានទម្ងន់ទោស គឺប្លន់បានចយចុះរហូតដល់ចំនួន២៥%។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអានឲ្យដឹងតាមរយៈនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្តីទីបានឲ្យដឹងថា បច្ចុប្បន្នប៉ុសិ៍្តរដ្ឋបាលមានចំនួនសរុប១.៦៤៦ប៉ុសិ៍្ត មានឃុំចំនួន១.៤០៩ឃុំ និង២៣៧សង្កាត់ដែលស្ថិតក្រោមយន្តការគ្រប់គ្រងដឹកនាំដូចជា៖ នៅថ្នាក់កណ្តាលមាននាយកដ្ឋានគ្រប់គ្រងកិច្ចការប៉ុសិ៍្តរដ្ឋបាលជាសេនាធិការក្នុងការគ្រប់គ្រងដឹកនាំការងារជំនាញ ដែលបានបង្កើតឡើងក្នុងខែសីហាឆ្នាំ២០១២។
ដោយឡែកនៅថ្នាក់ស្នងការនគរបាលរាជធានីខេត្ត មានការិយាល័យកិច្ចការប៉ុសិ៍្តនគរបាលរដ្ឋបាលនៅតាមអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌមានប៉ុសិ៍្ត ផ្នែកកិច្ចការប៉ុសិ៍្តនគរបាលរដ្ឋបាលដែលដើរតួនាទីគ្រប់គ្រងដឹកនាំផ្ទាល់ដល់ប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំសង្កាត់។ របាយការណ៍ដដែលបានឲ្យដឹងថា ចំពោះស្ថានភាពនៃអគ្គារស្នាក់នៅប៉ុសិ៍្តនគរបាលរដ្ឋបាលគិតត្រឹមចុងឆ្នាំ២០១៧ គឺមានប៉ុសិ៍្តនគរបាលរដ្ឋបាលចំនួន១៤៦៤ប៉ុសិ៍្ត ដែលមានអគារស្នាក់នៅធ្វើការបច្ចុប្បន្ននេះ៕ តាឡឹម