ព័ត៌មានទាន់ហេតុការណ៍៖

ចុចលេងទូរសព្ទ័ជាមួយកូនប្រុសលើគ្រែស្រាប់តែប្រកាច់ស្លាប់ទំនងមានជំងឺខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោឡើងពីសំណាក់ក្រុមគ្រួសារឲ្យអ្នកភូមិជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែយឹតពេលទៅហើយ ខណៈបុរសជាប្ដីកំពុងលេងទូរសព្ទ័ជាមួយ និងកូនស្រាប់តែប្រកាច់ស្លាប់តែម្ដង សមត្ថកិច្ចសន្និដ្ឋានបឋមទំនងខ្យល់គរ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីនៅវេលាម៉ោង៨យប់ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិរាមសេនា ឃុំអណ្ដូងពោធិ៍មាន ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ជនរងគ្រោះឈ្មោះមែ ប៊ុនណា ភេទប្រុស អាយុ35ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំខាងលើ ។ ចំណែកឯកូនប្រុសដែលកំពុងដេកលេងជាមួយឪពុកមានឈ្មោះ ហឹុម សៅវណ្ណៈ អាយុ១០ឆ្នាំ ។

តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា បន្ទាប់ពីហូបបាយពេលព្រលប់ដូចរាល់ដងជាមួយ និងកូនៗ ក៏នាំគ្នាទៅអង្គុយលើគ្រែខាងមុខផ្ទះ ដោយប្ដីគាត់បានដេកប្រឡែងលេងជាមួយកូនប្រុសអាយុ១០ឆ្នាំ ព្រមទាំងនាំគ្នាចុចមើលទូរសព្ទ័ប្រមាណជា២០នាទីស្រាប់តែឃើញទូរសព្ទ័ធ្លាក់មកដី និងប្ដីស្រាប់តែប្រកាច់ និងកូនស្រែកយំ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញសហការជាមួយនគរបាលមូលដ្ឋាន និងគ្រូពេទ្យបានពិនិត្យសពជាច្រើនម៉ោង ទើបសន្និដ្ឋានជាបឋមថា បុរសខាងលើគឺមានជំងឺខ្យល់គរពិតប្រាកដមែន ដោយមិនឃើញមានស្លាកស្នាមថា ជារឿងឃាដកម្មអ្វីនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖