ព័ត៌មានទាន់ហេតុការណ៍៖

បោះពួយយ៉ាងលឿនល់ផ្លូវកោងរេចង្កូតហោះពីផ្លូវជាតិធ្លាក់ចូលស្នាមភ្លោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ រថយន្តកាមរីគូថហើមមួយគ្រឿង បានបោះពួយយ៉ាងលឿន ដល់ផ្លូវកោងវាក់អឺរថយន្ត១គ្រឿងទៀត រេចង្កូតហោះពីផ្លូវជាតិធ្លាក់ចូលស្នាមភ្លោះ រួចហោះឡើងលើផ្លូវគ្រួសក្រហម ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សជិះនៅក្នុងរថយន្តចំនួន២នាក់ រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខវត្ដប្រឡាយខ្លុង ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះជាម្ចាស់រថយន្ត ដែលបើកបររថយន្តនោះ ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ជាជាងឈើ ជនជាតិវៀតណាម មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមរី ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2A-1985 ធ្វើដំណើរចេញពីផ្ទះបានប្រហែល៤ទៅ៥គីឡូម៉ែត្រ បោះពួយយ៉ាងលឿនឆ្ពោះចូលទៅក្រុងស្ទឹងត្រែង។ ខណៈរថយន្តបើកមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយរថយន្តមិនបន្ថយល្បឿន ស្របពេលរថយន្តមួយគ្រឿងទៀតមកដល់ដែរនោះ ក៏វ៉ាក់អើគ្នា ទើបរេចង្កូតធ្លាក់ផ្លូវជាតិក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ធ្ងរទាំងពីរ។

ក្រោយកើតហេតុការណ៍ ជនរងគ្រោះទាំង២នាក់ ត្រូវបានអ្នកភូមិក្បែរនោះ ជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។ ដោយឡែក រថយន្តត្រូវសមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន៕ មាស សុផាត


ចែករំលែក៖