ព័ត៌មានទាន់ហេតុការណ៍៖

ចែកម៉ូតូ៣៤គ្រឿងអំណោយរបស់សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ទោម៉ៅ ដារ៉ា ស្នងការនគរបាលខេត្ត, លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតី ការបែងចែកម៉ូតូស្មាស (រ៉េ វ៉ូ) ចំនួន៣៤គ្រឿង សេរី២០១៨ ដល់ឃុំនីមួយៗ ចំណុះឲ្យស្រុក និងក្រុងទាំងប្រាំ ក្នុងខេត្តកាលពីថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅទីលានមុខស្នងការនគរបាលខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោម៉ៅ ដារ៉ា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ នាយនគរបាលខេត្ត និងមន្ត្រីនគរបាល នគរបាលប៉ុស្តិ៍ដែលមានវត្តមានក្នុងពេលនេះថា ម៉ូតូទាំង៣៤គ្រឿង សេរី ២០១៨នេះ ជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៃអគ្គស្នងការនគរបាលជាតិ ចែកជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ទាំង៣៤ ឃុំ សង្កាត់ និងជូនដល់ប៉ុស្តិ៍ទាំង៣៤ ក្នុង១ប៉ុស្តិ៍បាន១គ្រឿង បំពាក់គ្រឿងបម្លាស់ និងសម្ភារកូនសោសម្រាប់ផ្លាស់ប្តូរ និងស្លាកលេខនគរបាលជាស្រេច សម្រាប់ជិះបំពេញការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលកំពុងបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ខាងមុខនេះ ។

លោកបានបន្តទៀតថា នាយនគរបាល និងមន្ត្រីនគរបាលទាំងអស់ ត្រូវធ្វើយ៉ាងណាត្រៀមលក្ខណៈការពារដើម្បីភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច ការពាររាល់បទល្មើសទាំងអស់ ដែលកើតមានមុនពេលបោះឆ្នោត និងកំពុងបោះឆ្នោត និងក្រោយពេលបោះឆ្នោត ជូនភូមិ ឃុំរបស់ខ្លួនត្រូវធ្វើយ៉ាងណា រាយការណ៍មកថ្នាក់លើរបស់ខ្លួនជាបន្ទាន់ មិនត្រូវបិទទុករបាយការណ៍ ឬយឺតយ៉ាវធ្វើឲ្យស្ទះការងារទាំងនោះឡើយ ដើម្បីងាយស្រួលថ្នាក់លើ ។

ក្នុងឱកាសនេះផងដែរ លោកម៉ុម សារឿន​​ អភិបាលខេត្ត បានមានប្រសាសន៍ណែនាំបន្ថែមដល់នាយនគរបាល ទាំងអស់ត្រូវធ្វើយ៉ាងណាត្រូវអនុវត្តន៍ ទៅតាមគោលការណ៍របស់ថ្នាក់លើ ដែលបានប្រគល់ឲ្យ ជាពិសេសការពារនាយករដ្ឋមន្ត្រីស្របច្បាប់ ។ ម៉ូតូដែលទើបទទួលបាន ត្រូវចេះថែទាំឲ្យបានល្អ ជៀសវាងខូចខា តឬបាត់បង់ ដើម្បីការពារក្នុងពេលយុទ្ធការឃោសនារកសំឡេងឆ្នោត និងកំពុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីជៀសវាង ក្រែងមានជនអគតិមកញុះញង់ ឬបំប៉ោងនាំឲ្យមានការរំខានដល់ដំណើរការបោះឆ្នោត ។

ក្រោយពេលចប់អង្គពិធីរួចមកលោក ស្នងការខេត្ត និងលោកអភិបាលខេត្ត អញ្ជើញប្រគល់កូនសោម៉ូតូ និងម៉ូតូ ជូនដល់មេប៉ុស្តិ៍ម្នាក់១គ្រឿងៗ រួចធ្វើកិច្ចសន្យា ធានាខុសត្រូវការពារថែទាំ មិនឲ្យបាត់បង់ ឬខូចខាត ឬធ្លាក់ទៅលើ អ្នកផ្សេងដែលជាមិនមែននគរបាលប៉ុស្តិ៍ យកទៅធ្វើសកម្មភាពគំរាមគំហែងដល់បងប្អូនស្លូតត្រង់ និងធ្វើព្យុះធ្វើភ្លៀងនាំឲ្យខូចស្ថាប័ននគរបាលជាតិ ៕ មាស សុផាត


ចែករំលែក៖