ភ្នំពេញ៖ ដោយមើលឃើញពីការលំបាកលោកអភិបាលបានសហការជាមួយតារាមួយចំនួន បានចុះចែកអំណោយដល់ប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ហើយត្រូវជួបការលំបាកក្នុងជីវភាពរស់នៅជាប្រចាំ ។ ទាំងអស់នេះជាការជួយសម្រួលក្នុងនាមជនរួមជាតិខ្មែររួមសាមគ្គីគ្នា ។
នាព្រឹកថ្ងៃ ២៣ កក្កដា នេះ តារាជាច្រើនរូប បានជិះទូកទៅចែកអំណោយដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់ក្រោមការដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានទីតាំង ស្ថិតនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។
ក្នុងនោះគេឃើញមាន វត្តមានសិល្បករចូលរួមមាន អ្នកនាង សុន ណារីម៉ូនីការ លោក ម៉ាដូណា លោក អុឹម ជីវ៉ា កញ្ញា បេបី លោក វុទ្ធី កញ្ញា អ៊ុងនីនិច្ច និងក្រុមបង្ហាញម៉ូត BN model និងសិល្បករមួយចំនួនទៀត ។
ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យមានប្រសាន៍ថា ក្នុងនាមលោកជាអជ្ញាធរដែនដីពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលគ្រោះធម្មជាតិទឹកជំនន់នេះធ្វើអោយប៉ះពាល់ដល់ការរស់នៅ និងខូចខាតទ្រព្យសម្បត្តិ បងប្អូនប្រជាពលរដ្ឋមួយចំនួន តែទោះជាយ៉ាងណាក្នងនាមលោកជាអភិបាលខណ្ឌមិនប្រងើយកន្តើយបោះបង់ បងប្អូនឡើយ គឺនៅជាប់កៀកបងប្អូនជានិច្ចដោយ លោកបានដាក់គណៈបញ្ជាការស្រាល ដែលមាន កងកម្លាំងសង្រ្គោះនៅក្នុងភូមិរបស់បងប្អូន ដោយមានក្រុមគ្រូពេទ្យ និងមានម្ហូបអាហារ សំរាប់បងប្អូនទទួលទានថែមទៀតផង ។
លោកអភិបាលបានបន្តទៀតថា ការខិតខំយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំខណ្ឌចំពោះប្រជាពលរដ្ឋក្រោមការចង្អុរបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខពួកយើងដែរ ”៕ វឌ្ឍនា