ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូប២នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូបីគ្រឿងទៅធ្វើសកម្មភាពឆក់កាបូបពី នារីម្នាក់ក្នុងចំណោមគ្នា៧នាក់ជិៈម៉ូតូ៤គ្រឿងត្រូវបានជនសង្ស័យធាក់ ឲ្យដួលម៉ូតូ ១គ្រឿងបណ្តាលឲ្យរលាត់ដៃយុវជនម្នាក់ ដែលជិះនៅលើស្ពានជ្រោយចង្វា មិនបានសម្រេច ត្រូវបានជនរងគ្រោះដេញចាប់បាន១ម៉ូតូ គ្នា២នាក់ ចំណែកឯបក្សពួក ផ្សេងទៀតបានជិះរត់គេចខ្លួនបាត់ ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច លើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទីមួយមានឈ្មោះ សែន វិសាល អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុកការ រស់នៅក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។ ជនសង្ស័យទី២មាន ឈ្មោះ ផុក សុខលាប ហៅ (អាឆែប) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ សំណង់ ស្នាក់នៅជាមួយមុីងម្តុំ ផ្សារគីឡូម៉ែត្រលេខ៦ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ជាអ្នកឆក់។

ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញពីធ្វើការ នៅត្រើយខាងកើតជ្រោយចង្វា ក្នុងគោលបំណង ទៅផ្ទះនៅម្តុំផ្សារទួលទំពូង បើកម៉ូតូ៤គ្រឿងគ្នា៧នាក់ ប្រុស៦នាក់ និងស្រីម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ដោយដឹកនារីម្នាក់ ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូបីគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1OL.8907 ជាស្លាក លេខក្លែងក្លាយ ។ ចំណែកម៉ូតូ ពីរគ្រឿងទៀតមិនចាំម៉ាក ដោយជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបយួរដៃពីនារី ដែលជិះម៉ូតូជាមួយយុវជនម្នាក់ តែមិនបានសម្រេច ។ ក៏ត្រូវបានក្រុមជនរងគ្រោះ ដេញតាមជនសង្ស័យ ក៏ធាក់ឲ្យដួលម៉ូតូមួយគ្រឿងរងរបួសរលាត់ដៃ រលាត់ជើង ។ តែជនរងគ្រោះ ២ម៉ូតូទៀតនៅតែដេញតាមចាប់ ហើយស្រែកថាចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋជួយចាប់បានជនសង្ស័យ២នាក់ និងម៉ូតូមួយគ្រឿង និងវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន និងបែកក្បាល។

បន្ទាប់ពីកើតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនាំយកជនសង្ស័យ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីស្វែងរកចាំខ្លួនបក្ខពួកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖