ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនសុីនទ្រីបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុកបង្គោលភ្លើងស្តុប តែមិនបង្កឲ្យមនុស្សរងរបួសទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៣៧១ កែងនិងផ្លូវ២១៧គល់ស្ពានដឹកចំការដូង ឋិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកបើករថយន្តមិនបានស្គាល់អត្តសញ្ញាណទេ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុងសុីទ្រីពណ៌លឿន បើកក្នុងទិសដៅពីកើតមកលិចតាមបណ្ដោលផ្លូវ៣៧១ ស្រាប់មកដល់ចំណុចកើតហេតុរថយន្តបានបត់ស្ដាំឡើងមកផ្លូវ២១៧ ពេលនោះរថយន្តបួងចង្កូតដោយសារតែរថយន្តបើកក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកបង្គោលស្តុបបណ្ដាលឲ្យរថយន្តគាបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបានទាក់ទងទៅជំនាញមកវាស់វែង យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ តាឡឹម