ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេជិះម៉ូតូជែងហុយដីដាក់ខ្លួនទ្រាំមិនបានប្រើហិង្សាបង្ករបួសស្នាមត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យបង្កហិង្សារបួសស្នាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល២ស្រុក សហការគ្នាឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពទាញយកខ្សែក្រវាត់ពីចង្កេះរបស់ខ្លួនមកវាយជនរងគ្រោះជាច្រើនខ្សែក្រវាត់ដោយមូលហេតុខឹងជិះម៉ូតូជែងហុយដីដាក់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥០នាទី នៅចំណុចភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យមានឈ្មោះមាស លីអង អាយុ22ឆ្នាំ មុខរបរជាងជួសជុលម៉ូតូរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះសូ ចិន្ដា ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្សសាលារស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែស្រុករមាសហែក ខណៈរងរបួសត្រូវជនសង្ស័យប្រើហិង្សា៣ខ្សែក្រវាត់ ត្រូវចំឆ្អឹងខ្នង២ខ្សែក្រវាត់ និងស្មាឆ្វេង១ខ្សែក្រវាត់បណ្ដាលឲ្យរងរបួស យ៉ាងដំណំ ។

តាមសមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជាងជួសជុលម៉ូតូដោយធ្វើដំណើរដោយម៉ូតូមួយគ្រឿងតាមផ្លូវ ខណៈនោះស្រាប់តែមានយុវជនម្នាក់បានម៉ូតូមួយគ្រឿងគោលបំណងទៅសិក្សានៅវិទ្យាល័យសំរោង ក្នុងទិសដៅស្របគ្នាបន្ទាប់មកក៏បានជិះជែងក្នុងល្បឿនលឿនបណ្ដាលឲ្យហុយដីយ៉ាងខ្លាំងដាក់ជនសង្ស័យដែលកំពុងជិះម៉ូតូដូចគ្នាធ្វើឲ្យផ្ទុះកំហឹងយ៉ាងខ្លាំងហើយ ក៏បានឃាត់ឲ្យឈប់រួចក៏បានដកខ្សែក្រវាត់ពីចង្កេះទាញវាត់លើជនរងគ្រោះតែម្ដង ។

ក្រោយពីបង្ករបួសស្នាមជនសង្សយ័បានរត់គេចខ្លួនរហូតដល់ម៉ោង១៦និង៤៥នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចនគរបាលស្រុករមាសហែក និងនគរបាលស្រុករំដួលសហការគ្នាដោយបានឃាត់ខ្លួនបាននៅចំណុចក្នុងឃុំធ្មាស្រុករំដួលផងដែរ ។

បច្ចុប្បន្ន ជនសង្សយ័ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាល ខេត្តស្វាយរៀងដើម្បីចាត់បន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖