ភ្នំពេញ៖ រថយន្តឡិចស៊ីសLX៤៧០មួយគ្រឿង បានបើកបុកម៉ូតូម៉ាកZoomer X នៅត្រង់ផ្លូវបំបែកជាបួនចំពីចំហៀងពេញទំហឹង និងអូសប្រហែលជាង១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកZoomer X ពាក់ស្លាក ភ្នំពេញ 1FY-1975 ធើ្វដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបែកជាបួន ស្រាប់តែរថយន្តម៉ាកឡិចស៊ីសLX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភំ្នពេញ 2R – 7971 ធើ្វដំណើរក្តាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយក៏បើកបុកម៉ូតូចំពីចៀងពេញទំហឹង និងអូសប្រហែលជាង១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយភ្លាមៗត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគា្នតាមច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ