ខេត្តកោះកុង ៖ កម្មករជាងជួសជុលរថយន្តម្នាក់បានដេកស្លាប់ក្នុងយានដ្ឋានសង្ស័យគាំងបេះដូងបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃ ពុធ ១៣ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ កក្កដា ២០១៨ នៅចំណុចកន្លែងជួសជុលរថយន្តក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នគរបាលក្រុង ក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាន់ អ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករជាងជួសជុលរថយន្តមានស្រុកកំណើតឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង ។
តាមសាក្សីជាជាងជួសជុលរថយន្តដូចគ្នាបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគឺនៅល្ងាចថ្ងៃទី២៤ កក្កដាឆ្នាំ ជនរងគ្រោះហូបបាយរួចក៏នាំជាងជួសជុលរថយន្តដូចគ្នា៦នាក់ផឹកស្រាថ្នាំអស់ស្រាចំនួន៤ដបទឹកសុទ្ធ ស្មើនឹង២លីត្រ ។
សាក្សីបន្តថា ក្រោយពេលផឹកស្រាថ្នាំរួចពួកគេបាននាំគ្នាសម្រាក គឺដេកនៅលើគ្រែមួយ៣នាក់ (ទាំងជនរងគ្រោះ) រីឯ៣នាក់ទៀតដេកគ្រែផ្សេង។រហូតដល់ម៉ោង៧ព្រឹក ទើបបានដឹងថា ជនរងគ្រោះស្លាប់ និងមិនដឹងស្លាប់ពីម៉ោងប៉ុន្មាននោះទេ ។
លុះវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ កក្កដា កម្លាំងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលក្រុងខេមរភូមិន្ទបាន ចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានជាបឋមជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ គាំងបេះដូងមែន ហើយជនរងគ្រោះអាចស្លាប់ក្នុងចន្លោះម៉ោង១០យប់ថ្ងៃទី២៤ កក្កដា ឆ្នាំ ២០១៨ ហើយសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ សហការី