នៅក្នុងខែកក្កដានេះ គ្រោះធម្មជាតិ បានវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ី ក្នុងនោះមានសម្ពាធទាប បង្កឲ្យ មានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃនៅតំបន់ អាស៊ី ក្នុងនោះមានចិន ជប៉ុន វៀតណាម កម្ពុជា ថៃ ឡាវ …បណ្តាលឲ្យមានអ្នក ស្លាប់និងរបួសជាច្រើន ។ ក្នុងចំណោម គ្រោះទឹកជំនន់គឺ នៅប្រទេសជប៉ុន មាន អ្នកស្លាប់ច្រើនជាងគេ ដោយមានអ្នក ស្លាប់ជាង ២០០នាក់ និងបាត់ខ្លួនជាច្រើន នាក់ ។
បន្ទាប់ពីគ្រោះទឹកជំនន់ ប្រទេសកូរ៉េ ខាងត្បូង និងជប៉ុន បានបន្តរងការវាយ ប្រហារដោយរលកកម្តៅ ជាបន្តទៀត ដោយសម្លាប់មនុស្សជិត១០០នាក់ និង រាប់ពាន់នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
នៅប្រទេសកូរ៉េខាងត្បូង ការកើនឡើងកម្តៅខ្លាំងត្រូវបានគេរំពឹងថា នឹងកើត ឡើងពេញ១សប្តាហ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីសីតុណ្ហភាពនៅពេលថ្ងៃ កាលពីថ្ងៃចន្ទ បានហក់ឡើងពី៣៣ដល់ ៣៧អង្សាសេ នៅទូទាំងប្រទេស ។
កាលពីថ្ងៃចន្ទ ពលរដ្ឋនៅទីក្រុងសេ អ៊ូលបានក្រោកពីដំណេកក្នុង សីតុណ្ហ ភាព២៩,២អង្សាសេ ដែលជាកម្រិតមួយ ខ្ពស់បំផុតសម្រាប់រដ្ឋធានីរបស់ប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩០៧មក ។
រលកកម្តៅបានព្រមានអំពីផលប៉ះពាល់នៅតំបន់ជាច្រើននៃប្រទេស លើកលែង តែនៅផ្នែកខ្លះនៃកោះ Jeju ប៉ុណ្ណោះ ។
ចំណែកនៅក្នុងប្រទេសជប៉ុនវិញ រលក កម្ដៅនៅក្នុងប្រទេសនេះ បានផ្ដាច់យក អាយុជីវិតមនុស្សកើនដល់ ៧៧នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់កំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលនេះជា គ្រោះមហន្តរាយដាច់ដោយឡែក ពីគ្រោះ ទឹកជំនន់កាលពីពេលថ្មីៗនេះ នៅបណ្តាខេត្តភាគខាងលិចនៃប្រទេសជប៉ុន ដែល បានសម្លាប់មនុស្សជាង ២០០នាក់។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនសីតុណ្ហភាពនៅគូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃតា ម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់កំណត់ត្រាដ៏ខ្ពស់នោះគឺ ៤១.១អង្សាសេ កាលពីរសៀលថ្ងៃចន្ទ សប្តាហ៍នេះ ហើយគិត ត្រឹមព្រឹកម៉ោង ៩ព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា សីតុណ្ហភាពនៅតែមានកម្រិតខ្ពស់ដដែល គឺ ៣៤.៨ អង្សាសេនៅទីក្រុងគូវ៉ាណា (Kuwana) ខេត្តមីអិ (Mie) និង ៣៨ អង្សាសេនៅទី ក្រុងណាហ្គោយ៉ា (Nagoya) និងទីក្រុង ក្យូតុ (Kyoto)។
ទីភ្នាក់ងារសារព័ត៌មាន Kyodo ផ្អែកលើរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបានឱ្យ ដឹងដែរថា រលកកម្ដៅក៏បានធ្វើឲ្យមនុស្ស ៣០,០០០នាក់ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី២៤ ខែកក្កដានេះ។
គួរបញ្ជាក់ថា ក្រុមអាជ្ញាធរជប៉ុនបាន ទទូចឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការឈឺថ្កាត់ផ្សេងៗ ដែលអាចបង្ក ឡើងដោយសាររលកកម្តៅនេះ ដូចជាការឡើងកម្តៅខ្លាំងក្នុងរាងកាយ និងខ្សោះជាតិ ទឹកជាដើម៕ ម៉ែវ សាធី