ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកអត្តឃាតនៅស៊ីរីស្លាប់និងរបួសជិត៤០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស២១៥នាក់ស្លាប់ និង១៨០នាក់រងរបួស ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត និងវាយប្រហារដោយកាំភ្លើង ក្នុងខេត្ត Suwaydaភាគខាងត្បូង ប្រទេសស៊ីរី។

កាលពីថ្ងៃទី២៥ ខែកក្កដា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវកម្ម IS នៅក្នុងប្រទេសនេះ បានចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួន។ ក្រុម IS បានប្រកាសថា ខ្មាន់កាំភ្លើងរបស់ខ្លួន បានបើកការវាយប្រហារទៅលើទីតាំងសន្តិសុខ និងគោលដៅនានារបស់រដ្ឋ នៅក្នុងទីក្រុង Suwayda។ ក្រោយពេលអស់គ្រាប់ក្រុមភេរវករ ក៏បានបំផ្ទុះគ្រាប់បែកដែលដាក់នៅក្នុងអាវរបស់ខ្លួនតែម្តង។

ក្នុងពេលជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី SOHR បានប្រកាសថា ខ្មាន់កាំភ្លើងបានវាយប្រហារទៅលើភូមិជាច្រើននៅភាគខាងកើតខេត្ត Suwayda ជាកន្លែងដែលប៉ះទង្គិចគ្នារវាងក្រុមភេរវកម្ម នឹងទាហានរដ្ឋាភិបាល។

ក្នុងថ្ងៃជាមួយគ្នានេះដែរ មានការវាយប្រហារគ្រាប់បែកអត្តឃាត មួយផ្សេងទៀតនៅក្នុងផ្សារបន្លែបណ្តាលឲ្យមនុស្ស៣៨នាក់ស្លាប់ និងជាង៣០នាក់រងរបួស។

បណ្តាញទូរទស្សន៍ Ikhbariya បានផ្សព្វផ្សាយនូវរូបភាពនៃការវាយប្រហារឲ្យឃើញថាមានជនរងគ្រោះជាច្រើននាក់ដែលស្លាប់ និងរបួសពាសពេញដី ហើយរថយន្តជាច្រើនគ្រឿងបានរងការបំផ្លាញ។ កម្លាំងទាហានស៊ីរីក៏បានរារាំងការវាយប្រហារផ្សេងទៀត២កន្លែងផងដែរ នៅក្នុងខេត្ត As Suwayda ដោយកម្លាំងប៉ូលិសបានបាញ់សម្លាប់ជនវាយប្រហារពីរនាក់ មុនពេលបំផ្ទុះគ្រាប់បែកអត្តឃាតដែលលាក់នៅក្នុងខ្លួន។

ក្រុមភេរវករ IS បានបាត់បង់ទីតាំងទាំងស្រុងនៅក្នុងប្រទេសស៊ីរី ក្រោយការវាយប្រហារពីកម្លាំងទាហានស៊ីរី ដែលមានការគាំទ្រពីរុស្ស៊ី។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨មក កម្លាំងទាហានរដ្ឋាភិបាលស៊ីរី បានបោសសម្អាតក្រុម IS ដែលនៅសេសសល់ក្នុងទឹកដីស៊ីរី។

ក្រោយពេលបាត់បង់ទីតាំងដ៏សំខាន់នៅភាគខាងកើតស៊ីរី កាលពីចុងឆ្នាំ២០១៧ ក្រុមភេរវករ IS បានចាប់ផ្តើម បើកការវាយប្រហារទៅលើតំបន់នៅវាលរហោឋានក្នុងប្រទេសស៊ីរី ហើយទីនោះជាតំបន់តែមួយគត់ ដែលក្រុមភេរវកម្មនៅតែបន្តគ្រប់គ្រង៕ ម៉ែវ សាធី


ចែករំលែក៖