ព័ត៌មានទាន់ហេតុការណ៍៖

បុរសពិការជើងទាំង២ព្យាយាមធើ្វអត្តឃាតច្រើនលើកច្រើនសារហូតដល់លើកទី៤លោតចូលពាងទឹកស្លាប់បានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ជាអតីតពល ករទូកនេសាទនៅប្រទេសថៃ ដោយគ្រោះថ្នាក់ចូលជើងជាមួយស្លាបចាក់ទូកម៉ាស៊ីន បានក្លាយខ្លួនជាជនពិការជើងទាំង២ត្រឹមភ្លៅបានព្យាយាមធ្វើអត្តឃាតច្រើនលើកច្រើនសាមកហើយដូចជា ការរវៃរទេះ រុញចូលរថយន្តនិងចង.កជាដើម ប៉ុន្តែមិន បានសម្រេច ដោយអ្នកឃើញហេតុការណ៍ ជួយទាន់ពេល ។ លុះលើកចុងក្រោយ បានប្រើវិធីធ្វើអត្តឃាតមួយដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់ឡើយ គឺគាត់បានលោតចូលទៅក្នុងទឹកពាងធំមួយដែល មានទឹកពេញ ហើយក៏បានស្លាប់បាត់បង់ ជីវិតតាមបំណងរបស់ខ្លួនមែន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែកក្កដា នៅក្នុង«អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាសុីត » ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ បុរសដែលធ្វើអត្តឃាតជា ជនជាតិវៀតណាមឈ្មោះVieng Yang Choung អាយុ៤៦ឆ្នាំ គឺជាជនពិការជើង ទាំង២ដោយត្រូវគ្រូពេទ្យកាត់ចោលត្រឹមភ្លៅនិងបានស្នាក់នៅក្នុងអង្គការខាងលើ ជិត១០ឆ្នាំមកហើយ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលនិយាយថា បុរសរូបនេះគឺជាអតីត ពលករទូកនេសាទនៅប្រទេសថៃ ហើយ ជួបគ្រោះថ្នាក់ត្រូវស្លាបចាក់ម៉ាស៊ីនទូកវាត់ត្រូវជើងបណ្ដាលឲ្យរងរបួសព្យាបាលមិនជាឡើយ។ ក្រោយមកត្រូវបានថៅកែថៃបោះបង់ចោលព្រោះធ្វើការលែងកើត និងបានអង្គការមួយប្រទះឃើញកាល ពីអំឡុងឆ្នាំ២០០៩ក៏នាំយកទៅផ្ញើនៅ «អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាសុីត» ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួលដើម្បីឲ្យជួយមើលថែនិងព្យាបាលជើងដែលរបួសដំបៅនោះ ។

ប្រភពដដែលបន្តថា ប៉ុន្តែទោះបីជាខំព្យាបាលបែបណាក៏ជើងដែលដំបៅនោះនៅតែមិនជាដដែល ហើយដំបៅកាន់តែរីក ធំទៅៗរហូតឈានដល់គ្រូពេទ្យកាត់ជើងចោលត្រឹមភ្លៅក្លាយជាជនពិការជើងទាំង ២តែម្ដង។ មិនតែប៉ុណ្ណោះក្រោយពីកាត់ ជើងចោលហើយក៏នៅតែទទួលការព្យា បាលជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ព្រោះត្រគាករបស់គាត់ក៏ដំបៅដែរ ហើយគ្រូពេទ្យបានកាត់យកសាច់ជើងមកប៉ះ តែនៅមិនទាន់ជាឡើយ ។

កន្លងមកបុរសខាងលើបានព្យាយាមសម្លាប់ខ្លួន៣លើកជាបន្តបន្ទាប់រួចមកហើយ ដោយការចងក និងរវៃរទេះរុញចូលរថយន្តដើម្បីឲ្យរថយន្តបុក។ ប៉ុន្តែមិនបាន សម្រេចទេដោយមានអ្នកឃើញហេតុការណ៍ជួយសង្គ្រោះទាន់ពេលវេលា លុះដល់ថ្ងៃកើតហើយស្រាប់តែបាត់គាត់ទើបអ្នកគ្រប់គ្រងអង្គការដើររកគ្រប់កន្លែងតែមិនឃើញសោះ។ លុះដើរទៅដល់កន្លែងដាក់ពាង ទឹកឃើញរទេះរុញរបស់គាត់នៅក្បែរពាងទឹកនោះហើយដោយមានការសង្ស័យក៏ អើតមើលក្នុងពាងដែលមានទឹកពេញស្រាប់តែឃើញជនរងគ្រោះស្លាប់ក្នុងទឹកពាងនោះបាត់ទៅហើយ ។

ក្រោយពេលកើតហេតុនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងនគរបាលផ្នែកពិនិត្យវិភាគសពនិង កន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយមានការចូលរួមពី មន្ត្រីក្រុមប្រឹក្សាឃុំឆក់ឈើនាងគ្រូពេទ្យ លោកមេភូមិ នគរបាលប៉ុស្តិ៍ និងពេទ្យអង្គការជួយជនរងគ្រោះកម្ពុជាដោយ សារ អាសុីតបានពិនិត្យសពជនរងគ្រោះ ។ ជាលទ្ធផលបង្ហាញថា បុរសរូបនេះពិតជាស្លាប់ដោយសារសម្លាប់ខ្លួននៅក្នុងទឹកពាងនោះមែន មិនមានសញ្ញាអ្វីដែលបញ្ជាក់ថាជាអំពើឃាតកម្មឡើយ ហើយអង្គការខាងលើក៏បានរៀបចំចាត់ចែងធ្វើបុណ្យសព តាមប្រពៃណី ៕ ហេង នរិន្ទ្រ


ចែករំលែក៖