ភ្នំពេញ៖ ភាគច្រើនអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុន្នី” ខ្វះការប្រុងប្រយ័ត្នតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃជាពិសេសបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួសធ្ងន់ស្រាល និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈផងដែរ ដូច្នេះពលរដ្ឋសូមណូពរដល់សមត្ថកិច្ចគួរតែមានវិធានការរឹតបណ្តឹងទៅលើអ្នកបើកបរក្រុមហ៊ុនឯកជនទាំងនោះឲ្យយល់ពីច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះទាំងនោះជាយាថាហេតុ ។
ជាក់ស្តែងកាលវេលាម៉ោង២និង១០នាទីរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុន្នី” បុករះរថយន្តហាយលែនឌ័រមួយគ្រឿង រងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកនិងកិនម៉ូតូ២គ្រឿងទៀតកៀបជាប់ក្រោមរថយន្ត បណ្ដាលឲ្យម្ចាស់ម៉ូតូទាំង២នាក់ បានដួលខ្ទាតចេញរងរបួសផងដែរ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុន្នី” ពាក់ស្លាកលេខ ភ្នំពេញ3D 4690 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ រីឯរថយន្តរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT 8049 និងម៉ូតូ២គ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣មួយគ្រឿង ម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង។
ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុ មិនព្រមបន្ថយល្បឿននិងខ្វះការប្រុងប្រយ័ត្ន ព្រោះតែជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករះរថយន្តរងគ្រោះនិងម៉ូតូរងគ្រោះ២គ្រឿងទៀត ដែលឈប់ចាំស្តុបនៅពីមុខ បណ្ដាឲ្យរថយន្តហាយលែឌ័រនិងម៉ូតូ២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ ។ចំណែកឯម្ចាស់ម៉ូតូទាំង២នាក់ បានដួលខ្ទាតចេញរងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងអូសយករថយន្តបង្ក រថយន្តរងគ្រោះនិងម៉ូតូ ដាក់មកខាងកុំឲ្យមានការកកស្ទះចរាចរ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅភាគីជនរងគ្រោះទាំងអស់ ៕ ស តារា