នៅថ្ងៃទី១៩ ខែកក្កដា មន្ត្រីអ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះចាប់តាំងពីជម្លោះបានចាប់ផ្តើម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៤០ គ្រាប់នៃប្រភេទផ្សេងៗគ្នា ដែលភាគច្រើនកំណត់គោលដៅរដ្ឋធានីគៀវ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១២០ គ្រឿង។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១៨ គ្រាប់ក្នុងចំណោម ៤១ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១០៨ គ្រឿងក្នុងចំណោម ១២៥ គ្រឿងដែលបាញ់ដោយរុស្ស៊ីកាលពីយប់មិញ ។
អាវុធដែលនៅសល់ – មីស៊ីលចំនួន ២៣ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១០ គ្រឿង បានវាយប្រហារទីតាំងចំនួន ២០ ភាគច្រើននៅក្នុងរដ្ឋធានីគៀវ។ មុននេះ អ្នកយកព័ត៌មាននៅកន្លែងកើតហេតុបានរាយការណ៍ពីការផ្ទុះជាច្រើនលើកច្រើនសារនៅទីក្រុងគៀវ ចាប់ពីល្ងាចថ្ងៃទី១៨ ខែកក្កដា រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៩ ខែកក្កដា (ម៉ោងក្នុងស្រុក)។
កាសែត The Kyiv Independent បានរាយការណ៍ថា “ការផ្ទុះជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារបានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ នៅម៉ោងប្រហែល ១:៣០ ព្រឹក ថ្ងៃទី១៩ ខែកក្កដា ខណៈពេលដែលស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងពាសពេញភាគកណ្តាល និងខាងកើតអ៊ុយក្រែន។ នៅម៉ោងប្រហែល ១:៤៧ ព្រឹក អ្នកយកព័ត៌មាននៅកន្លែងកើតហេតុបានថតសំឡេងផ្ទុះជាបន្តបន្ទាប់ទៀត”។
ទីក្រុងគៀវបានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនគ្រាប់ត្រូវបានតម្រង់ឆ្ពោះទៅរដ្ឋធានីចាប់ពីម៉ោង ១:២៤ ព្រឹក រហូតដល់ម៉ោងប្រហែល ២:៣៨ ព្រឹក។ នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃដដែលនោះ យន្តហោះគ្មានមនុស្សបើកបានបន្តការវាយប្រហាររបស់ពួកគេលើតំបន់នោះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច