ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់មួយកន្លែងដើម្បីត្រួតពិនិត្យរកឃើញពលករគ្មានឯកសារ ត្រឹមត្រូវ ដើម្បីចាប់បញ្ជូនទៅស្រុកទេសវិញ ។
ក្នុងប្រតិបត្តិការណ៍នេះដែរដឹកនាំដោយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបិត្តិការនៅចំណុចដីឡូត៍លេខ៤៥ផ្លូវនរោត្តម ស្ថិតខាងត្បូងអង្គភាពប្រឆាំងអំពើពុករលួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ នៅក្នុងការត្រួតពិនិត្យនេះឃើញថា មានកម្មករចំនួន៤១នាក់ ក្នុងនោះជនជាតិវៀតណាម៣៤នាក់ ស្រី២នាក់ និងគ្មានប័ណ្ណការងារចំនួន២១នាក់ និងជនជាតិកូរ៉េ ៧នាក់មានប័ណ្ណការងារ និងច្បាប់ត្រឹមត្រូវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនជាតិវៀតណាមទាំ២១នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវនោះត្រូវបានឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធី ។
ជាមួយគ្នានោះសមត្ថកិច្ចក៏បានអំពាវនាវ និងសុំឲ្យជនបទេសដែលស្នាក់នៅ និងធ្វើការត្រូវសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជា បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្មនានា ទាំងអស់ឲ្យបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកធ្វើការដោយខុសច្បាប់បន្តទៀតនៅក្នុងការរដ្ឋាន និងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹងនោះ ។
ប្រសិនបើគ្មាន លិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ ។ តែមុននឹងបណ្តេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសវៀតណាមឲ្យមកពិនិត្យ និងបំពេញឯកសារទទួលយកជនជាតិវៀតណាមត្រឡប់ទៅវិញ ប្រសិនបើមន្ត្រីស្ថាន ទូតមិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះក៏ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ៕ ជ្រោយពេជ្រ