ភ្នំពេញ៖ មេការសំណង់ម្នាក់ត្រូវដុំថ្មធ្វើជ្រី ធ្លាក់ពីលើអគារសំណង់កម្ពស់៣ជាន់ ត្រូវក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ នៅគ្រា ដែលគាត់កំពុងដើរនៅខាងក្រោម ហើយភ្លាមៗនោះ ក៏ត្រូវបានក្រុមម្ចាស់ការដ្ឋាន ឲ្យក្រុមកម្មករជួយបិតបាំង យកសពរុំ និងភួយដឹកតាមម៉ូតូចេញទៅបាត់ភ្លាមៗ ក្រោយមកទើបដឹងរឿងនេះ ដល់សមត្ថកិច្ច និងអ្នកសារព័ត៌មាន ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៏គ្រោះថ្នាក់ធ្លាក់ដុំជ្រីថ្មផ្តាច់ ជិវិតបុរសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានអគារ ដែលទើបសាងសង់ថ្មីកម្ពស់ច្រើនជាន់ ស្ថិតតាមបណ្តោយផ្លូវម៉ុងឬទ្ធីភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសមេការ ដែលជាជនរងគ្រោះ បានដើរ និងឈរ នៅខាងក្រោមមុខការដ្ឋាន ក៍ស្រាប់តែមានដុំជ្រីថ្ម មួយដុំមិនដឹងធ្លាក់មកពីជាន់ទីប៉ុន្មាននោះទេ បានធ្លាក់ចំកណ្តាលក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ហើយក៏នាំគ្នាដឹកសពចេញទៅបាត់ ។ ភ្លាមៗនោះប្រជាការពារបានជិះដេញតាមដែរតែនៅតែតាមមិនទាន់ដោយសារស្ទះចរាចរណ៏ ។ តែចុងក្រោកយទើបដឹងថាដឹកយកទៅមន្ទីពេទ្យកាលម៉ែត ។
សពបុរសខាងលើឈ្មោះ បូរ វណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតភូមិថ្នល់ទឹកដាច់ ឃុំគោកគង់ មានស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដុំថ្ម នៅកន្លែងកើរហេតុ និងឲ្យម្ចាស់ការដ្ឋានសំណង់យកសពមកវិញ ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះមកពីការធ្វេសប្រហែស នៃផ្នែកជាងធ្វើជ្រីនៃសំណង់អគារនោះ ទើបធ្វើឲ្យរបូតធ្លាក់មកបែបនេះ ៕ តុង សីហា