ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់បានដួលបោកក្បាលនឹងថ្នល់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរណ៍រនេះបានកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅចំណុចមុខសាលា បឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជួប ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង(ស្លាប់) ជិះម៉ូតូម៉ាកហុងដា ទ្រីមសង់ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-1149 ។ ចំណែកយុវជនម្នាក់ទៀត ដែលជាអ្នកបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់ ជិះម៉ូតូម៉ាក ហុងដា ឌ្រីមសង់ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-4351 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ជិះម៉ូតូ ឌ្រីមសង់ស៊េរី ២០១៥ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានឆ្លងមកខាងឆ្វេងដៃមកផ្លូវម្ខាងទៀត ( បញ្រ្ចាសផ្លូវចរាចរណ៍ ) ស្របពេលដែលយុវជនជិះម៉ូតូឌ្រីមសង់ ស៊េរី២០០៨ ជិះក្នុងល្បឿនលឿន ក៏បុកគ្នាពេញទំហឹងតែម្តង ។

ប្រភពបន្តថា ភ្លាមៗអ្នកបើកបរម៉ូតូសង់២០០៨ រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកយកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលជនរងគ្រោះរងរបួសធ្ងន់ពេក បានបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកមកកន្លែងកើតហេតុវិញ ។ ចំណែកយុវជនម្នាក់ទៀត ដែលជិះម៉ូតូបង្ក (ឆ្នាំ២០១៥) រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកដឹកយកទៅសង្គ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖