ភ្នំពេញ ៖ អាជ្ញាធរបានព្រមានចាត់ វិធានការច្បាប់ទៅលើផែនការយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅទូទាំងប្រទេស “ស្នាមមេដៃមួយដើម្បីកោះត្រល់” ចាប់ផ្តើមពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំដោយមេគណបក្សខ្មែរក្រោកបើគ្មានច្បាប់អនុញ្ញាត ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពី គណបក្សខ្មែរក្រោកបានប្រកាសអំពីផែនការធ្វើយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅទូទាំងប្រទេស “ស្នាមមេដៃមួយ ដើម្បីកោះត្រល់” ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ខាងមុខនេះ ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការធ្វើអ្វីក៏ដោយត្រូវបានមានលិខិតស្នើសុំទៅអាជ្ញាធរឲ្យតែត្រឹមត្រូវគឺអនុវត្តទៅ តាមច្បាប់បាតុកម្មដោយសន្តិវិធី ។
ចំណែកលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានថ្លែងឲ្យដឹងដែរថា ការធ្វើអ្វីគឺត្រូវអនុវត្តទៅតាមច្បាប់ ពីព្រោះគាត់ ជាគណបក្សនយោបាយត្រូវសិក្សាច្បាប់ ឲ្យបានច្បាស់លាស់ជៀសវាងខុសឆ្គងអំពីបញ្ហាច្បាប់វាធ្វើឲ្យប៉ះពាល់ទៅដល់សង្គមជាតិ ។
លោកបានបញ្ជាក់ថា ប្រទេសមានច្បាប់ អនុវត្តតាមច្បាប់ទើបត្រូវ អ្នកមិនអនុវត្ត តាមច្បាប់គឺមានកំហុសឆ្គងជាមួយផ្លូវ ច្បាប់មិនអាចអត់ឱនឲ្យបានទេ ៕ ហេង សូរិយា