ខេត្តសៀមរាប៖ ដោយសាតែជម្លោះដណ្តើមកេរ្តិ៍ ស្ត្រីជាម៉ែចុងត្រូវសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅតុលាការ ក្រោយពីកូនដើមប្តឹងថា បង្ខាំងមនុស្សខុសច្បាប់ (បង្ខាំងប្តីឬឪពុក) ហើយនៅយប់ថ្ងៃដដែល ក្រុមកូនដើមនាំគ្នាទៅចាប់ឪពុករុញបញ្ចូលឡានដឹកចេញពីប៉ុស្តិ៍សមត្ថកិច្ចទៅបាត់បន្សល់ទុកការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រុមកូនៗដែល ចាប់ឪពុករុញបញ្ចូលឡានដឹកចេញទៅនោះបានអះអាងថា ពូកខ្ញុំមានបំណងមិនឲ្យឪពុកជួយអន្តរាគមន៍សុំសមត្ថកិច្ច ដោះលែងប្រពន្ធចុងនោះទេ ហើយក៏មិនឲ្យបង្ខំឪពុកឲ្យផ្តិតមេដៃប្រគល់ទ្រព្យ(កេរ្តិ៍)ឲ្យទៅប្រពន្ធចុងដែរ តែលោក នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើកបញ្ជាក់ថា ដោយពួកគេ (កូនៗ)បារម្មណ៍ពីសុខភាពគាត់ ទើបនាំទៅផ្ទះបែបនេះ ។
ក្នុងជម្លោះដណ្តើមកេរនេះ លោកជា ហៃ មេធាវីការពារក្តីឲ្យប្តីប្រពន្ធជាប់ចោទបំភ្លឺថា ដើមចមនៃរឿង ដំបូងឡើយឪពុកដាក់ទុនរកស៊ីសាងសង់ តែកូនមិនព្រម គ្រានោះឪពុកបានប្តឹងទៅតុលាការឲ្យជួយចែកទ្រព្យតាមផ្លូវច្បាប់ តែមិនទាន់ដោះស្រាយផង ក៍ត្រូវក្រុមកូន ៗប្តឹងទៅសមត្ថកិច្ចថា ម៉ែចុងចាប់បង្ខាំងប្តី ជាឪពុក ពួកខ្លួន ។
លោកបន្តថា ក្នុងពេលសមត្ថកិច្ចនាំខ្លួនស្ត្រីនោះទៅ បុរសជាប្តីក៏ទៅជាមួយ ហើយអះអាងថាពួកគាត់ប្តីប្រពន្ធរស់នៅជាមួយគ្នា រហូតមានកូនប្រុសម្នាក់អាយុ១១ឆ្នាំទៅហើយ មិនមានអ្នកណាបង្ខាំងអ្នកណានោះទេ ។ ធាតុពិតពួកកូនៗចង់ដណ្តើមទ្រព្យ(ដី)ខ្លាចឪពុកនិងម្តាយចុងព្រមព្រៀងគ្នាសង់ផ្ទះល្វែងលើដីដែលពួកគេកំពុងចង់បាន ទើបបង្កើត រឿងបែបនេះ ។
ស្ត្រីជាម្តាយចុងដែលរងបណ្តឹងបទបង្ខាំងមនុស្សមានឈ្មោះទ្រី ណៃហៀក អាយុជាង ៤០ឆ្នាំ ឯប្តីឈ្មោះមិន ឡមហៅលី ឡម អាយុជាង៦០ឆ្នាំ អ្នកទាំងពីរនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកមេធាវី ឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទៅនាំខ្លួន ស្ត្រីខាងលើ ទៅសាក សួររឿងបង្ខាំងមនុស្សខុសច្បាប់ ។ លុះរសៀលថ្ងៃទី២ ខែសីហានេះ ក៏បានបញ្ជូនទៅតុលាការហើយដែរ ។
ទោះបីភ្នាក់ងារយកព័ត៌មាន ពុំអាចសុំការបកស្រាយពីក្រុមកូនដើម របស់ស្ត្រីជាប់ចោទខាងលើបាន តែកូនស្រីរបស់ស្ត្រីជាប់ចោទឈ្មោះប្រុញ ណៃហ័រ បានផ្តល់បទសម្ភាសន៍ថា គ្រួសារនេះមិនមានការបង្ខាំងមនុស្សនោះទេ ។ រិទ្ធតែមិនមានប្រពន្ធចាប់បង្ខាំងប្តីទៀតនោះឡើយ ។ ប្តីប្រពន្ធរបស់គាត់ រស់នៅមានក្តីសុខណាស់ ។ តែខាងកូនៗដើមនោះទេ ដែលចង់បានទ្រព្យ រហូតប្រឌិតរឿងនេះ ដើម្បីកុំឲ្យម្តាយឪពុកពួកគេ យកដីទាំងនោះទៅសាងសង់ជាផ្ទះល្វែងកើត ។
ស្ត្រីដដែលបន្តថា ដោយសារតែដណ្តើមទ្រព្យ ម្តាយរបស់ខ្លួនត្រូវបញ្ជូនទៅតុលាការ ក្រោមការចោទថា បង្ខាំងមនុស្ស (បង្ខាំងប្តីខ្លួនឯង)វាជារឿងដែលមិនអាចទទួលយកនោះទេ ត្បិតអីប្តីរបស់គាត់តាមជួយ ការពារប្រពន្ធឲ្យផុតពីការចោទ ប្រកាន់ គ្រប់ កន្លែងសមត្ថកិច្ច ។ តែត្រូវពួកកូនៗនាំគ្នាចាប់គាត់យកទៅបាត់ មិនដឹងមានបំណងអ្វី ។ ក្នុងអង្គហេតុនៃរឿង នាងក៍បានស្នើសុំឲ្យតុលាការ ស៊ើបអង្កេតរឿងនេះ ឲ្យជាក់លាក់មុនពេលសម្រេចឃុំខ្លួនម្តាយរបស់នាង ។
នៅរសៀលថ្ងៃទី២ ខែសីហា អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង បានថ្លែងតាមទូរស័ព្ទថា ស្ត្រីឈ្មោះទ្រី ណៃហៀក ត្រូវសមត្ថកិច្ចបញ្ជូនមកដល់តុលាការហើយ ។ តែនៅមិនទាន់ចាត់ចែងបន្តនិតិវិធីនោះទេ ។ លោកបន្តថា របាយការណ៍ប៉ូលិស បានចោទស្ត្រីខាងលើពីបទ បង្ខាំងមនុស្សខុស ច្បាប់ ។
លោកអនុសេនីយ៍ឯកពេជ្រ សាម៉ោល នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើកបានឲ្យដឹងថា ពិតជាមានមនុស្ស៦ ទៅ៧នាក់មកនាំយកប្តីស្រ្តីជាប់សង្ស័យបង្ខាំងមនុស្សចេញពីប៉ុស្តិ៍មែន ។ ព្រោះពួកគេអះអាងជាកូន មកនាំឪពុកទៅផ្ទះ ។ ឯរឿងផ្សេងទៀតលោកមិនបានដឹងនោះទេ ព្រោះស្ត្រីរូបនេះខាងកំរិតធ្ងន់យកមកផ្ញើនៅប៉ុស្តិ៍របស់លោក ។
លោកមេធាវី ជា ហៃ បញ្ជាក់ចុងក្រោយថា លោករំពឹងថាតុលាការនឹងមិនអាចឃុំខ្លួនកូនក្តីរបស់លោកឡើយ ពីព្រោះថា មិនមានភស្តុតាងណាមួយបង្ហាញថា បង្ខាំងមនុស្សនោះឡើយ ។ ម៉្យាងទៀត ជនដែលត្រូវគេបង្ខាំងនោះ បញ្ជាក់នៅមុខសមត្ថកិច្ចថា ប្តីប្រពន្ធគាត់នេះ ទៅណាជាមួយគ្នារហូត គ្មានការឃុំឃាំងអីឡើយ ។ លោករំពឹងថា តុលាការនឹងរកឲ្យឃើញសនិង ខ្មៅ ក្នុងរឿង ដែលមិនធ្លាប់មាននេះ ៕ ប៊ុនរិទ្ធី