ខេត្តព្រះសីហនុ៖ បុរសម្នាក់គេប្រទះឃើញស្លាប់នៅកណ្តាលវាលស្រែខាងក្រោយភូមិ កាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ក្រោយបាត់ពីផ្ទះពេញមួយយប់ ។
សមត្ថកិច្ចឲ្យដឹងថា បុរសដែលស្លាប់នេះឈ្មោះ ម៉ៅ ផន អាយុ៥៧ឆ្នាំ ភាគច្រើនគេឃើញគាត់ប្រកបរបរឡើងបេះដូងលក់ មានឈ្មោះហៅក្រៅថាតាក្របី មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅម៉ោងប្រមាណជា៣រសៀល ទី៣ សីហា គេបានឃើញបុរសរូបនេះ យកថ្នាំកណ្តុរ ទៅវាលស្រែ ដើម្បីដាក់កណ្តុរស៊ីសំណាបហើយក៏បាត់មិនឃើញមកផ្ទះវិញ រហូតទៀបភ្លឺទើបប្រទះឃើញសាកសព។
ករណីនេះ ក្រោយពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ បន្ទាប់មកសាកសពត្រូវបាននាំមកផ្ទះជូនក្រុមគ្រួសារធ្វើបុណ្យសពតាមប្រពៃណី ៕ ឆ្លាម សមុទ្រ