ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រព្រឹតបទល្មើសលួចយកម៉ូតូរបស់មេជាងទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវតែដោយសារចង់បានថ្លៃពេកហើយអ្នកទទួលបញ្ចាំមិនអោយព្រោះខ្វះឯកសារនិងដោយមានការសង្ស័យក៍រាយទៅសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។ករណីនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង៣០នាទី នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ពៅ សុផល ភេទប្រុស អាយ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ចំណែកជនរងគ្រោះឈ្មោះ ឈុន រ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងផ្សារដែក ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ-3497.ភព (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រគល់ម៉ូតូរបស់ខ្លួន ទៅឲ្យឈ្មោះថន និងជនសង្ស័យជិះទៅធ្វើការ នៅចំណុចកើតហេតុខាងលើ ពេលមកដល់ឈ្មោះ ថន បានទុកម៉ូតូនៅមុខផ្ទះ (ចំណុចកើតហេតុ ) រួចទៅផ្សារដែក ដោយមានសភាពស្ងាត់ ជនសង្ស័យឈ្មោះ ពៅ សុផល បានលួចយកម៉ូតូជិះចេញទៅក្រៅបាត់ បន្ទាប់មកឈ្មោះថន បានចេញមកមលើម៉ូតូមិនឃើញ បានទូរសព្ទ័ប្រាប់ជនរងគ្រោះ ឈ្មោះ ឈុន រ៉ាវុធ និងបាននាំគ្នាដើររកជនសង្ស័យឃើញនៅម្តុំមុខផ្សារឃ្លាំងរំសេវសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រួចជនរងគ្រោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា