ព័ត៌មានទាន់ហេតុការណ៍៖

កាប់ដើមធ្នង់ចេញពីបរិវេណសាលាខេត្តស្វាយរៀងនេះ ព្រោះតែគិតគូរពីសុវត្ថិភាពមន្ត្រីរាជការ និងប្រជាពលរដ្ឋទេតើ!

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុក និងបណ្ដាញសង្គមហ្វេសបុកបានចុះផ្សាយ និងបង្ហោះតៗគ្នាកាលពីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ពាក់ពន្ធ័ពីដើមធ្នង់១ដើមយ៉ាងធំ ដែលនៅមុខអគារធំ និងក្នុងបរិវេណសាលាខេត្តស្វាយរៀង ត្រូវគេកាប់នៅសល់តែគល់ត្រឹមដី និងលក់បានលុយជាច្រើននោះ មន្ត្រីសាលាខេត្តស្វាយរៀង បានប្រតិកម្មភ្លាមៗ ដោយនិយាយថា សារព័ត៌មានមួយចំនួនចុះផ្សាយមិនមានការពិតបំពុលសង្គម ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោក ងួន ខាន់ មន្ត្រីសាលាខេត្តស្វាយរៀងបានធ្វើការបដិសេធិងសារព័ត៌មានមួយចំនួនចុះផ្សាយ មិនដូចការពិត គឺមិនមានការលក់ដូអ្វីនោះទេ ខណៈដើមធ្នង់នេះ អាជ្ញាធខេត្តលោកបានគិតគូរណាស់ មុននឹងសម្រេចចិត្តកាប់ចេញ ដោយគិតពីសុវត្ថិភាពរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅទីនេះ ។

លោកបានបន្តថា ហេតុដូចនេះហើយ ទើបអាជ្ញាធរសម្រេចចិត្តកាប់ចេញ ព្រោះមូលហេតុដើមធ្នង់នេះ វាចាស់ងាប់ និងមានសភាពប្រហោងពុកផុយក្នុង ងាយស្រួលគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ។ ចំពោះបំណែកឈើ ដែលនៅសេសសល់ពីដើមនេះគឺយើងយកវាសម្រាប់ធ្វើតុ និងសម្ភារដើម្បីទុកបម្រើការនៅសាលាខេត្តប៉ុណ្ណោះ ដោយមិនបានលក់ដូអ្វីទៅណា ដូចការចុះផ្សាយនោះទេ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា មានប្រជាពលរដ្ឋ ដែលបានចូលទៅកាន់សាលាខេត្តស្វាយរៀង នៅព្រឹកនេះ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដើមធ្នង់១ដើម យ៉ាងធំ ដែលលោកធ្លាប់ឃើញនៅមុខអគារធំ និងក្នុងបរិវេណសាលាខេត្តស្វាយរៀង នៅសល់តែគល់ត្រឹមដីទៅវិញ ។ ពលរដ្ឋរូបនេះក៏បានប្រាប់ថា លោកបានសួរបញ្ជាក់ពីមន្រ្តីមួយចំនួននៅក្នុងសាលាខេត្ត រួមទាំងអ្នកយាមទៀតផងបានបញ្ជាក់ថា មិនបានដឹង និងមិនបានឃើញពីការកាប់ដើមធ្នង់១ដើមនោះទេ? ។

លោកក៏បានបន្តថា មុនការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ លោកបានចូលសាលាខេត្ត ឃើញដើមធ្នង់១ដើមនោះ នៅមាន នៅឡើយទេ! ។ តែពេលនេះស្រាប់តែបាត់ឃើញសល់តែគល់ទៅវិញ? តើអ្នកណាថ្លើមពាសមេឃម៉្លេះ ហ៊ានចូលកាប់ដើមឈើរបស់រដ្ឋក្នុងទីធ្លាសាលាខេត្ត? ។

លោក ក៏បានដាក់ការសន្និដ្ឋានថា «ប្រហែលជា ចោរនេះលួចចូល និងកាប់ដើមធ្នង់១ដើម នៅសាលាខេត្តស្វាយរៀងនេះ ក្នុងថ្ងៃ “ស” គឺទី២៨ ខែកក្កដា ឆ្នាំ២០១៨ ។ ចុះហេតុអ្វីគ្មានអ្នកណាម្នាក់ដឹងបន្តិចដូច្នេះ? ។

យ៉ាងណាការបាត់ដើមធ្នង់មួយដើមនេះ មន្ត្រីរាជការសាលាខេត្តស្វាយរៀងនេះ ក៏បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ! ព្រោះចោរថ្លើមធំ ហ៊ានលួចកាប់ដើមឈើធ្នង់១ដើម អាយុកាលមិនតិចជាង២០០ឆ្នាំនោះដល់ក្នុងទីធ្លាសាលាខេត្តស្វាយរៀង ៕

យឹម សុថាន


ចែករំលែក៖