ខេត្តមណ្ឌលគិរី ៖ ឮល្បីតៗគ្នា ជុំវិញសកម្មភាពរបស់មេឈ្មួញឈើ៣រូបត្រៀម និងកេណ្ឌប្រមូលប្រជាពលរដ្ឋ និងដៃ ជើងរបស់ខ្លួនកាប់បំផ្លាញឈើនៅតំបន់ភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីដឹកចូល់ក្រុមហ៊ុនយូនីហ្គ្រីនបន្លំជា ឈើស្របច្បាប់ ដឹកទៅវៀតណាម ។ ក្នុងនោះត្រូវបានគេបង្ហើបថា ឈ្មួញទាំង៣រូបគឺមានឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ,ឧកញ៉ា តុប វីដា និង ឧកញ៉ា ប៉ោ សំអឿន ចាប់ដៃគ្នាធ្វើកិច្ចការនេះឲ្យបានជោគជ័យ តាមការគ្រោងទុករបស់ពួកគេ សម្រាប់ពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្ននេះ មានការដៃជើងរបស់ខ្លួនឲ្យប្រជាពលរដ្ឋត្រៀមចូលកាប់ឈើបណ្តើរៗ ហើយនោះ ។
អ្នកខេត្តមណ្ឌលគិរីបានលើកថា បើទោះជាក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា ស៊ឹង សំអុល អស់ឈើក៏ដោយ ប៉ុន្តែ តាមគម្រោងឧកញ៉ា ស៊ឹង សំអុល ត្រូវរួមគ្នាជាមួយនិងឧកញ៉ា តុប វីដា ,ឧកញ៉ា ប៉ោ សំអឿន ប្រមូលឈើយកមកដាក់ ក្រុមហ៊ុនយូនីហ្គ្រីន ហើយការងារនេះ អាចធ្វើទៅកើត ប្រសិនបើសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ មិនអើពើសិក្សា អំពីទិដ្ឋភាពច្បាប់ជុំវិញបទល្មើសព្រៃឈើនេះ ។ តាមការបញ្ជាក់ឲ្យដឹង ពីក្រុមស្និទ្ធនឹងឧកញ៉ា តុប វីដា បង្ហើបថា កាល ពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ឧកញ៉ា តុប វីដា បានទៅកាន់ខេត្តមណ្ឌលគិរី និងបន្តឆ្លងទៅប្រទេសវៀត ណាមនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងយកលុយពីថៅកែវៀតណាម មកចាត់ចែងរត់ការ បែង ចែកទៅកាន់មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ ។ ឧកញ៉ាទាំង៣រូបនេះ អាចធានារត់ការដោយជោគជ័យសម្រាប់ទឹកដីខេត្ត មណ្ឌលគិរី ក្នុងការប្រមូលឈើ ដឹកឈើចេញ និងឆ្លងចូលទឹកដីខេត្តក្រចេះ ត្រូវប្រគល់ភារកិច្ចឲ្យឧកញ៉ា គង់ ក្រឹង មេ បញ្ជាការរងវរសេនាតូចលេខ២០៤ នៅស្រុកស្នួល ខេត្តក្រចេះ ជាអ្នកចាត់ចែងបន្ត ដើម្បីដឹកឆ្លងទៅប្រទេសវៀត ណាម ។ ប៉ុន្តែករណីនេះ គ្រាន់តែជាដំណឹងល្បីតគ្នា ពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ។ ឈ្មួញខ្លះបានរឭកថា នៅក្រុម ម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា ស៊ឹង សំអុល គ្មានឈើនោះទេ សម្រាប់តម្រូវការអ្នកបញ្ជាទិញពីវៀតណាម ខណៈឈើ ចាស់ៗមិនត្រូវប៉ាន់ ។ ដោយឡែកនៅក្នុងក្រុមហ៊ុនយូនីហ្គ្រីន របស់ឧកញ៉ា តុប វីដា នៅឯស្រុកកោះញែក ខេត្តមណ្ឌល គិរី ក៏គ្មានឈើដែរ ។ ដូច្នេះប្រសិនបើគម្រោងរបស់ពួកគេរត់ការជោគជ័យ មានលតែប្រមូលទិញឈើដែលត្រៀមនឹង កាប់បំផ្លាញនៅភូមិសាស្ត្រតំបន់ភ្នំព្រិច ដឹកចូលក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីបន្តឆ្លងទៅវៀតណាម ។
ជាក់ស្តែងនៅក្នុងក្រុមហ៊ុនយូនីហ្គ្រីនរបស់ពេលប៉ុន្មានថ្ងៃនេះ ឃើញថា មានបុគ្គលិក កម្មករ មេការ បានចាត់ចែង ដំឡើងម៉ាស៊ីនអារជាច្រើនមួយកំប្លេទៅហើយ អាចសម្រាប់ជ្រៀកឈើឲ្យត្រូវតាមការកំម្មង់ទិញពីឈ្មួញវៀតណាម ក្នុង នោះគេថែមទាំងបង្ហើបថា ឧកញ៉ាទាំង៣រូប ធានាថាមានឈើថ្មី និងកាត់ជ្រៀកទៅតាមតម្រូវការកំម្មង់របស់ថៅកែវៀត ណាមទៀតផង។
បើទោះជាលេចឮព័ត៌មានបែបនេះក៏ដោយ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ អង្គភាពនគរវត្ត មិនអាច ទំនាក់ទំនងសុំការបំភ្លឺបានទេ ពីឧកញ៉ាទាំង៣រូបខាងលើ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ ទី២ ខែសីហា ឆ្នាំ២០១៨ យ៉ាងតិចមានរថយន្តយីឌុបចំនួន២គ្រឿង និងឡានស្ទូច១គ្រឿង ព្រមទាំងជនជាតិវៀត ណាម៧នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួន និងចាប់យករថយន្តជាមធ្យោបាយទាំងនេះទៅ រក្សាទុកនៅស្នងការនគរបាលខេត្ត រួចក៏សាងសំណុំរឿងទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ប៉ុន្តែជនជាតិ វៀតណាមទាំង៧រូប ត្រូវបានដោះលែងនៅពេលរសៀលថ្ងៃដដែល ខណៈសមត្ថកិច្ចអះអាងថា អ្នកទាំងនោះឆ្លងដែន ខុសច្បាប់ និងគ្មានលិខិតស្នាមត្រឹមត្រូវ ។
លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានប្រាប់អង្គភាពនគរវត្តតាមទូរស័ព្ទ នាព្រលប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះថា «កម្លាំងរបស់ខ្ញុំ ពិតជាបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងរថយន្តទាំង នោះមែន ដោយពួកគេឆ្លងដែនខុសច្បាប់ ។ ក្រោយមកជនជាតិវៀតណាមទាំង៧រូប ត្រូវបានប្រគល់ទៅឲ្យខាងអន្តោ ប្រវេសន៍ ដើម្បីបណ្តេញពួកគេត្រឡប់ទៅស្រុកវិញ ដោយអនុវត្តតាមកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូច ជាខេត្តជាប់គ្នា រវាងកម្ពុជា-វៀតណាម» ។ «លោកស្នងការបន្តថា បើទោះជារថយន្តរបស់គាត់ទាំ៣គ្រឿង ក្នុងនោះ មាន១គ្រឿងប្រភេទរថយន្តស្ទូចក៏ដោយ ប៉ុន្តែពួកគាត់មិនទាន់មានសកម្មភាពលើកឈើ ដឹកជញ្ជូនឈើ ដូច្នេះ មិនមែន ជាសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៃបទល្មើសជាក់ស្តែងនោះទេ ទើបកម្លាំងយើងប្រគល់ជនជាតិវៀតណាមទាំង៧ រូបទៅឲ្យខាងអន្តោប្រវេសន៍ ហើយរថយន្ត៣គ្រឿងនោះរក្សាទុកនៅខេត្តមណ្ឌលគិរីនៅឡើយ»។
បើទោះជាលោកស្នងការអះអាងបែបនេះក៏ដោយ ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា កន្លងមកមានឧកញ៉ាមួយរូប បានទៅយកលុយពីថៅកែវៀតណាម ធានាថាប្រមូលទិញឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីដឹកជញ្ជូន យកទៅលក់ឲ្យ ប៉ុន្តែករណីនេះ ត្រូវបានរាំងស្ទះ ដោយសារប្រមូលឈើមិនទាន់បាន អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ ព័ន្ធរឹតបន្តឹង ទើបឧកញ៉ារូបនោះប្រើលេសគ្រប់រូបភាព ភូតកុហក ទៅថៅកែវៀតណាមម្តងហើយម្តងទៀត តែថៅកែ វៀតណាមមិនព្រម និងមិនជឿ ទើបបង្ខំចិត្តឲ្យកូនចៅរបស់ខ្លួនជនជាតិវៀតណាម៧រូបនេះ យករថយន្តយីឌុប៧គ្រឿង និងរថយន្តស្ទូច១គ្រឿងទៅដឹកឈើក្នុងទឹកដីខ្មែរ នៅទីតាំងរបស់ក្រុមហ៊ុនឧកញ៉ាមួយរូបខាងលើនេះ ប៉ុន្តែមិនទាន់ ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ករណីនេះ ឧកញ៉ាដដែល ក៏បានចេញមុខរត់ការឲ្យវៀតណាមទាំង៧ រូបបានត្រឡប់ទៅស្រុកកំណើតវិញ ក្នុងន័យថាខ្លួនបានជួយទៅលើក្រុមឈ្មួញវៀតណាម ដែលខ្លួនយកលុយនោះមក ប្រមូលទិញឈើយកគុណសម្បត្តិ កាត់បន្ថយកំហឹង រឿងយកលុយមករត់ការដឹកឈើ ហើយមិនទាន់មានឈើទៅឲ្យ ខាងភាគីវៀតណាមនោះ ។
គេកំពុងតាមដានថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៧រូប និងចាប់យករថយន្ត៣គ្រឿងមករក្សាទុក ហេតុអ្វី ក៏លេចចេញរឿងថ្មី ល្បីតៗគ្នាថា ឧកញ៉ា ស៊ឹង សំអុល ,ឧកញ៉ា តុប វីដា និង ឧកញ៉ា ប៉ោ សំអឿន ចេញមុខ មកធ្វើកិច្ចការប្រមូលទិញឈើនេះ ទាំងច្បាប់កំពុងរឹតបន្តឹង? កន្លងទៅយ៉ាងតិចមានរថយន្តយីឌុប៤គ្រឿង ត្រូវបាន លើកឈើដាក់រួចជាស្រេច ប៉ុន្តែក្រុមឧកញ៉ាទាំងនោះមិនហ៊ានដឹកចេញ ដោយខ្លាចជាប់អន្ទាក់សមត្ថកិច្ច ប៉ុន្តែលើកនេះ ចាំមើលផែនការរបស់ពួកគាត់ជោគជ័យទេ លើគម្រោងប្រមូលឈើនៅស្រុកកោះញែកដឹកទៅវៀតណាម ឆ្លងកាត់ទឹកដី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ធានាដោយឧកញ៉ា គង់ ក្រឹង សម្រាប់ទឹកដីខេត្តក្រចេះ និងបន្តទៅវៀតណាមនោះ ៕