ខេត្តព្រះសីហនុ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីកេីតឡេីងនូវបទល្មើស ឆក់យកទូរសព្ទ័ដៃ របស់ជនបរទេស ជនជាតិចិនដែលកំពុងដេីរនៅតំបន់ឧតុនិយម មក សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបាន ហេីយឈាន ទៅធ្វើការឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់៖
១-ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ )។
២-ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ( អ្នកជិះពីក្រោយជាអ្នកឆក់ ) ។
៣-ឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត ) និង ចាប់យកបានម៉ូតូជិះធ្វេីសកម្មភាព១គ្រឿង ម៉ាកនិច ពណ៌ស-ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1CW 3419 ។
សូមបញ្ជាក់ថា៖ មុខសញ្ញាបានធ្វេីសកម្មភាពឆក់ នៅយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២:០០នាទី នៅផ្លូវឧតុនិយម ភូមិ៣ សង្កាត់លេខ ៣ បានជិះម៉ូតូ ហេីយឆក់ទូរស័ព្ទដៃជនជាតិចិន១គ្រឿង ម៉ាកអាយហ្វូនអុិច ដែលកំពុងដេីរតាមផ្លូវ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ហើយឈាន ទៅធ្វើការចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ នៅរសៀល ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។
ករណីនេះសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ