ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ធផលផ្លូវការពី (គ.ជ.ប) នៅពាក់កណ្តាលខែសីហា នេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។
ហ្វេសប៊ុកផេកសម្តេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែសីហា នេះ សរសេរថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស?។
អរគុណខ្លាំងណាស់ ដែលបងប្អូនបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើខ្ញុំ តាមរយៈការបោះឆ្នោតដែលមានសម្លេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ។ មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ឋផលផ្លូវការពី (គ.ជ.ប) នៅពាក់កណ្តាលខែសីហា នេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។
រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា។
សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕