ខេត្តសៀមរាប៖ ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនដៃដល់ សម្លាប់បុរសម្នាក់ ដែលពិការជើង ដើរនឹងឈើច្រត់នោះ ជនសង្ស័យ បានសារភាពថា ខ្លួនបើកមុងចាប់ទាញសក់ក្បាល អារករ ហូតដល់ស្លាប់តែម្តង។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃអង្គារទី៧ ខែ សីហា ឆ្នាំ២០១៨នេះថាតាមចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ុច ចាន់ណា ហៅជីវ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាបថា ខ្លួនធ្លាប់បានទៅធ្វើកម្មករអារឈើនៅរោងចក្រ ទួលឡូវ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ថៅកែឈ្មោះ ស៊ី ថា ហើយបានមកលេងផ្ទះរហូតដល់ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៨ ខ្លួនបានទៅបើកលុយបាន៥០ម៉ឺនរៀល ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ ខ្លួនបានមកដល់ផ្ទះវិញ ឲ្យម្តាយ១៥ម៉ឺនរៀល សល់ប៉ុន្មានទុកខ្លួនឯង ពេលល្ងាចឈ្មោះអ៊ុច វិចិត្រហៅទូច ជាបងរបស់ខ្លួនបានទិញស្រា ស មកផឹកជាមួយមិត្តភក្តិគាត់ខ្លួន ក៏ផឹកជាមួយរហូតដល់ម៉ោង៨ និង១៥នាទីយប់ ពេលខ្លួនកំពុងអង្គុយលើគ្រែក្រោមផ្ទះដូចជាឮសំលេងស្រែកពីផ្ទះឈ្មោះ ខ្វាន់(ជនរងគ្រោះ) ខ្លួនក៏ស្រែកតទៅវិញ បន្ទាប់មកខ្លួនដូចជាខឹងក៏ក្រោកទៅយកកាំបិត ពីរោងបាយ រត់តំរង់ទៅក្រោមផ្ទះឈ្មោះខ្វាន់ ពេលទៅដល់ក៏បើកមុងចាប់ទាញសក់ក្បាលអាករហូតដល់ស្លាប់តែម្តង ទើបឃើញម្តាយ និងបងប្រុសខ្លួន រត់ទៅដល់ដណ្តើមដកយកកាំបិត ពេលនោះខ្លួនបានរត់មកផ្ទះឡើងយកខោ អាវ និងទូរស័ព្ទ ហើយរត់ទៅកើតបត់ឡើងដល់ផ្លូវជាតិលេខ៦ ចូលផ្ទះឈ្មោះ យ៉ន ភេទស្រីប្រាប់គាត់ថាខ្លួនមានរឿងធំហើយ ហើយក៏បន្តដំណើរទៅដល់ភូមិ បឹងវៀន ឃុំតាយ៉ែក បានចូលផ្ទះឈ្មោះ ណាត់ ភេទប្រុសដេកលេងអង្រឹងក្រោមផ្ទះរហូតដល់ម៉ោង៤ទាបភ្លឺ បានអោយឈ្មោះណាត់ ជួយជូនទៅសៀមរាប រកការងារធ្វើ ដោយមិនបានប្រាប់ថាខ្លួនសម្លាប់គេនោះទេ ប៉ុន្តែឈ្មោះណាត់ថាគេរវល់ មិនជូនដល់សៀមរាបទេ ជូនបានត្រឹមដំដែកខ្លួនក៏ព្រម ពេលនោះឈ្មោះណាត់ បានដឹកមកដល់ដំដែក ឈប់នៅមុខមន្ទីរពេទ្យចាំកាក់ឡានក្រុងជិៈទៅសៀមរាប ពេលទៅដល់សៀមរាបបានជិៈតាក់ស៊ីទៅស្វាយស៊ីសុផុនបន្តទៀតពេលដល់ស្វាយបានជិៈម៉ូតូឌុបទៅផ្ទះឪពុកមាឈ្មោះ សោមសំ នៅភូមិ គុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតថាបន្តដំណើរទៅថៃទៀតប៉ុន្តែត្រូវសមត្ថកិច្ចទៅទាន់ឃាត់ខ្លួនតែម្តង។
គួរបញ្ជាក់ថាករណីឃាតកម្មនេះបានកើតឡើងនៅម៉ោង២០ និង២០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅភូមិថ្នល់ចែកឃុំកៀនសង្កែស្រុកសូទ្រនិគមខេត្តសៀមរាប ៕ ប៊ុនរិទ្ធី