ព័ត៌មានទាន់ហេតុការណ៍៖

ដោយការប្រចណ្ឌហួសហេតុពេក ចាប់ប្រពន្ធឃុំឃាំងក្នុងបន្ទប់រួចកោសក់ប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវប្តីវាយធ្វើបាប ហើយចាប់កោរត្រងោល និង​ឃុំខ្លួនដាក់ក្នុងបន្ទប់តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង៧យប់ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ តែបានម្ចាស់ផ្ទះជួល ស្រែកហៅ ទើបដឹងថា រូបគាត់នៅក្នុងបន្ទប់ ទើប​បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តគមន៍  ដោយទីតាំងផ្ទះជួលនេះ​ នៅចំណុចជិតស្ពានដែក ផ្លូវលំគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះ ពីង ស្រីនាង  អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់នៅបន្ទប់ជួលម្តុំស្ពានដែក មានស្រុកកំណើតនៅភូមិព្រែកព្រីង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ ប្តីចិត្តអប្រិយនោះ ឈ្មោះ ស៊ិន ដារ៉ា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយស្នាក់នៅកន្លែងកើតហេតុខាងលើ។
ស្រ្តីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ឲ្យដឹងថា ចាប់តាំងពីគាត់លែងប្តីមុនមក រូបគាត់ក៏បានចាប់ដៃគ្នាជាមួយប្តីក្រោយ តែមិនបានរៀបការត្រឹមត្រូវនោះទេ ដោយបានយកគ្នារយៈពេលមួយឆ្នាំមកហើយ រយៈពេល​ដែលរស់នៅជាមួយគ្នាប្ដីគាត់តែងតែប្រចណ្ឌគាត់ ហើយជេរម្រាយ និងវាយគាត់ ចាប់កោរត្រងោល រួចឃុំឲ្យនៅក្នុងបន្ទប់រយៈពេលជាងមួយខែ ជាលើកទី១ រហូតដល់ដុះសក់វិញ ទើបលែងឃុំហើយ រួចឲ្យដើររើសអេតចាយបន្តទៀត។
ស្ត្រីរងគ្រោះ​បន្ថែមទៀតថា លុះដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែប្តីរបស់គាត់ បានមកវាយទាត់ធាក់ បណ្ដាលឲ្យ​ត្រូវចំភ្នែក និងចំដើមទ្រូងឡើងជាំហើម ហើយបានចាប់គាត់ឃុំខ្លួនឲ្យនៅក្នុងបន្ទប់ រួចចាប់កោរត្រងោលតែម្ដង ក្រោយមកក៏បានចាក់សោរបីជាន់ ដោយសាររូបគាត់ដើររើសអេតចាយជួយប្រមូលសំរាមគេៗឲ្យលុយ តែមកដល់ផ្ទះប្តីចោទថា មានប្រុស ទើបក្លាយជាកើតមានរឿងនេះឡើងតែម្ដង។ ទើបបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ចុះមកនាំគ្នាគាស់សោរបន្ទប់​ ដើម្បីជួយយកស្រ្តីរងគ្រោះមកខាងក្រៅ ហើយធ្វើការសាកសួរទើបដឹងដំណើររឿងហេតុ។
បច្ចុប្បន្ន​សមត្ថកិច្ចក៏បាននាំស្រ្តីរងគ្រោះ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីដាក់ពាក្យបណ្តឹងនិងឲ្យសមត្ថកិច្ចចាប់ប្តីរបស់គាត់ មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។ មុនត្រឡប់ទៅផ្ទះវិញ ដោយមានចិត្តអាណិតអាសូរ​ លោក​ ឯម​ ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឧបត្ថម្ភថវិកាមួយចំនួនជូនស្ត្រីរងគ្រោះសម្រាប់លាងរបួសនិងទិញថ្នាំលេបផងដែរ៕ តាឡឹម

ចែករំលែក៖