ខេត្តមណ្ឌលគិរី៖ អ្នកជំនួញសត្វព្រៃចំនួន២នាក់នៅក្នុងផ្សារក្រុងសែនមនោរម្យ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIIFEALLIANCE និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បានចុះចាប់ដល់ក្នុងផ្ទះ ជាលើកទី២ រឹបអូសបានវត្ថុតាងយ៉ាងច្រើនយកទៅកម្ទេចចោល ។
ការចុះបង្ក្រាប់សត្វព្រៃនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ។
សមត្ថកិច្ចដែលបានចុះបង្ក្រាបផ្ទាល់នោះបានឲ្យដឹងថា ការចុះបង្ក្រាបឃាត់ចាប់សត្វព្រៃនៅទីតាំងចំនួន២កន្លែង ប្រមូលសាច់សត្វព្រៃបានប្រមាណ៦៧.៧គីឡូក្រាម ដោយឃាត់អ្នកលក់ដូរសាច់សត្វព្រៃចំនួន២នាក់់ ។ ទីតាំងចំណុចផ្សារគុម្ពប្ញស្សី ម្ចាស់ឈ្មោះ សោម គឹម សាង ភេទស្រី អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពី៥ខែមុន ។ ម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស មានទីលំនៅភូមិដើមស្រល សង្កាត់មនោរម្យ ។
មន្ត្រីជំនាញបានឲ្យដឹងទៀតថា សត្វព្រៃដែលចាប់បានរួមមានកាំប្រម៉ា ៧.២០ គីឡូក្រាម, សាច់ជ្រូកព្រៃជាង៤០ គីឡូក្រាម ក្តាន់ញ៉ែង៥ក្បាល ស្មើ៧.៥០គីឡូ សាច់ឈ្លូស១៦គីឡូ ក្រពះប្រម៉ាចំនួន០២ ។
អ្នកលក់ដូរសាច់សត្វព្រៃទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញពិន័យ ជាមួយទឹកប្រាក់សរុបចំនួន៧លាន៥សែន៤ម៉ឺន៤ពានរៀល រួចដោះលែងឲ្យផ្ទះវិញ ចំណែកសាច់សត្វព្រៃបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដុតកម្ទេចចោល ។
លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានឲ្យដឹងថា ស្ត្រីខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេ ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតាដោយមិនចាត់ចូលជាប្រភេទសត្វកម្រ ។
លោកនាយផ្នែកបញ្ជាក់ថា ករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបាននិយាយថា ទីតាំងផ្ទះស្ត្រីឈ្មោះ សោម គឹម សាង បានលួចរកស៊ីលក់សត្វព្រៃរាប់ឆ្នាំមកហើយមិនដែលឃើញមានសមត្ថកិច្ចក្នុងខេត្តណាម្នាក់ចេញមុខបង្ក្រាបទេទើបតែពេលនេះមានជំនាញអង្គការវ៉ាយអេតចុះចាប់បង្ក្រាបបាន២លើកមកហើយ នៅតែមិនព្រមឈប់ប្រកបរបរខុសច្បាប់នេះដដែល ៕ ជីវ័ន្ត