ព័ត៌មានទាន់ហេតុការណ៍៖

ដឹកប្រពន្ធនិងកូនតូច៣បីនាក់ ទៅពិនិត្យសុខភាព មានអីឆេះហុយរត់ចុះមិនចង់ទាន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានម៉ូតូឡាំប៉ាតា (កង់បីឥណ្ឌា)មួយគ្រឿង កំពុងតែបើកដឹកប្រពន្ធនិងកូនតូច៣បីនាក់ឆ្ពោះទៅមន្ទីរពេទ្យសម្ភពក្រុង ដើម្បីពិនិត្យសុខភាព សុខៗតាមផ្លូវសាធារណៈ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆេះខ្សែហុយទ្រលោមផ្នែកខាងក្រោម ធ្វើឲ្យអ្នកបើកបរនិងអ្នកជិះរត់ចុះទាំងប្រលឹងចុងសក់ ភ្លាមនោះត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅក្បែរនោះនិងពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់ទាន់ពេលវេលា ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូឡាំប៉ាតា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីម្តុំវត្តសន្សំកុសលដោយដឹកប្រពន្ធនិងកូនតូច៣បីនាក់ឆ្ពោះទៅមន្ទីរពេទ្យសម្ភពក្រុង ដើម្បីពិនិត្យសុខភាព លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានអ្នកដែលធ្វើដំណើរតាមផ្លូវបានស្រែកប្រាប់គាត់ថា មានផ្សែងហុយចេញពីម៉ាស៊ីនម៉ូតូផ្នែកខាងក្រោម ។ ភ្លាមនោះគាត់មិនដឹងធ្វើយ៉ាងម៉េចមានតែអែបម៉ូតូមកខាងផ្លូវ និងរំដោះខ្លួនរួមទាំងប្រពន្ធនឹងកូនកូនតូចៗចេញសិន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ព្រោះយានជំនិះនេះមានបំពាក់ធុងហ្គាសផងដែរ ។បន្ទាប់មកក្នុងហេតុការណ៍នោះគេឃើញមានបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្បែរកន្លែងកើតហេតុនោះ បានយកបំពងពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលារលត់ទៅវិញ មិនបណ្តាលឲ្យឆាបឆេះទាំងស្រុងនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏មិនបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុទេ ហើយមិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋឫសាធារណៈ ទើបម្ចាស់អូសយកទៅជុសជួលខ្លួនឯងវិញ ៕ស រស្មី


ចែករំលែក៖