ព័ត៌មានទាន់ហេតុការណ៍៖

គណៈបណ្ជាការខណ្ឌជ្រោយចង្វា​ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ឃាត់ខ្លួនមនុស្ស រួមទាំងម៉ូតូ រថយន្ត​ និងមាន់ជល់​៧ក្បាល

ចែករំលែក៖

ភ្នំពេញ​៖​​ គណៈបញ្ជាការខណ្ឌជ្រោយចង្វាបានដឹកនាំកម្លាំងចម្រុះ​ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនជល់មាន់​​មួយកន្លែង​ ឃាត់ខ្លួនមនុស្សជាច្រើននាក់ និងដកហូតម៉ូតូរថយន្តជាច្រើនគ្រឿង រួមទាំងមាន់ជាច្រើនក្បាលផងដែរ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង១២រសៀលថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០១៨​នេះស្ថិតនៅក្នុងភូមិគៀនឃ្លាំង​ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ​។

លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វាបានប្រាប់ឲ្យដឹងថា​ មានការរាយការណ៍ពីប្រជាពលរដ្ឋ​ថា​ មានកន្លែងបើកលេងល្បែងស៉ីសងមាន់ជល់​មួយកន្លែង​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ​ លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វា​ បានបញ្ជាឲ្យលោក​ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់នេះ​ភ្លាម។

លោកអភិបាលរងបន្តទៀតថ នៅក្នុងប្រតិបត្តិការនេះ​ កម្លាំងយើងបានឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​,​ ម៉ូតូ​ ៣៧គ្រឿង​,​ រថយន្ត​ Tundra មួយគ្រឿង,​ និងមាន់​ជល់​ចំនួន​ ៧ក្បាល​ រួមនឹងសម្ភារមួយចំនួនទៀតដែលបម្រើឲ្យសង្វៀនជល់មាន់។​

បន្ទាប់ពីប្រតិបត្តិការចប់កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ដើម្បីកសាងសំណុំរឿង​ ចាត់ការបន្តតាមនីតីវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖