ភ្នំពេញ៖ គណៈបញ្ជាការខណ្ឌជ្រោយចង្វាបានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សជាច្រើននាក់ និងដកហូតម៉ូតូរថយន្តជាច្រើនគ្រឿង រួមទាំងមាន់ជាច្រើនក្បាលផងដែរ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង១២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វាបានប្រាប់ឲ្យដឹងថា មានការរាយការណ៍ពីប្រជាពលរដ្ឋថា មានកន្លែងបើកលេងល្បែងស៉ីសងមាន់ជល់មួយកន្លែង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់នេះភ្លាម។
លោកអភិបាលរងបន្តទៀតថ នៅក្នុងប្រតិបត្តិការនេះ កម្លាំងយើងបានឃាត់ខ្លួនមនុស្សចំនួន ១២នាក់, ម៉ូតូ ៣៧គ្រឿង, រថយន្ត Tundra មួយគ្រឿង, និងមាន់ជល់ចំនួន ៧ក្បាល រួមនឹងសម្ភារមួយចំនួនទៀតដែលបម្រើឲ្យសង្វៀនជល់មាន់។
បន្ទាប់ពីប្រតិបត្តិការចប់កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតីវិធី ៕ ជ្រោយពេជ្រ