ខេត្តមណ្ឌលគិរី៖ មួយរយៈចុងក្រោយនេះ មានឈ្មួញឈើជាច្រើននាក់បានទៅយកប្រាក់ពីថៅកែវៀតណាម ដើម្បីបែងចែករត់ការទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប និងមានឥទ្ធិពលផងដែរ បានទទួលកញ្ចប់នេះមុនគេ ដូច្នេះ គេសន្និដ្ឋានបានថា ក្នុងអំឡុងយប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ពួកឈ្មួញ បានត្រៀមរៀបចំ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន ។
ប្រភពច្បាស់ការបានឲ្យដឹងថា អ្នករត់ការត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយ ទោះជាចាយក្នុងទឹកប្រាក់កម្រិតណាក៏ដោយ គឺក្នុងគោលបំណង ដឹកឈើពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះឲ្យបាន ដើម្បីបង្ហាញឲ្យឃើញថា ពួកគេមានសមត្ថភាពក្នុងការរត់ការដឹកជញ្ជូនបទល្មើសឈើ ហើយថៅកែវៀតណាម ដែលទើបនឹងបង្កើតក្រុមរកស៊ីថ្មីនេះ នឹងមានទំនុកចិត្ត អាចនឹងបោះលុយឲ្យ ប្រមូលទិញឈើក្នុងខេត្តមណ្ឌលគិរីបន្តទៀត ដូច្នេះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះជាមានករណីរត់ការបែងចែកប្រាក់ទៅកាន់អាជ្ញាធរសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ រួចហើយក៏ដោយ ប៉ុន្តែមេៗកងកម្លាំងនីមួយៗនៅក្នុងខេត្តមណ្ឌលគិរី តែងតែមើលមុខគ្នាទៅវិញទៅមក ទីមួយព្រួយបារម្ភពីបញ្ហាបែកការ ទីពីរអ្នកខ្លះទៀតបានទទួលកញ្ចប់រួចហើយ ពិបាកដោះសារជាមួយនឹងអ្នករត់ការ ដូច្នេះ តាមគម្រោងត្រូវចេញឈើនៅយប់ថ្ងៃទី១១ ចំនួន១០រថយន្តសាំយ៉ុងប៉ុន្តែត្រូវបរាជ័យ ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី តាមទូរស័ព្ទជាមួយអង្គភាពនគរវត្តនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទទួលស្គាល់ថា មានករណីដឹកជញ្ជូនមែន ក្នុងនោះលោកបានបញ្ជាក់តាមទូរស័ព្ទយ៉ាងដូច្នេះថា ខ្ញុំបានព័ត៌មានខ្លះដែរជុំវិញថាមានឈ្មួញបម្រុងចេញឈើតាមច្រកដាក់ដាំ ប៉ុន្តែករណីនេះ ខ្ញុំបានត្រៀមកម្លាំងរួចជាស្រេច ចុះទៅតាមគោលដៅ និងទប់ស្កាក់នៅច្រកដាក់ដាំ មិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះឡើយ ។ លោកបន្តថា បើមានវត្តមានខ្ញុំនៅទឹកដីខេត្តមណ្ឌលគិរី គឺមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើនេះឡើយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ប៉ុន្តែលើកលែងក្នុងករណីខ្លះ ខ្ញុំមានធុរៈទៅប្រជុំនៅរាជធានីភ្នំពេញ អាចមានការលួចចេញ ហើយខ្ញុំក៏ត្រូវតាមដានក្នុងរឿងនេះបន្តទៀត ធានាថា គ្មានសកម្មភាពចេញឈើទៅប្រទេសវៀតណាម ។
ប្រភពច្បាស់ការបានបង្ហើបថា ក្រុមហ៊ុនរបស់ភាគីវៀតណាម ដែលទទួលទិញឈើនៅក្នុងទឹកដីនៃប្រទេសវៀតណាមនោះគឺជាក្រុមហ៊ុនថ្មី ប្រសិនបើអ្នករត់ការប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី អាចនាំឈើទាំងនោះឆ្លងច្រកដាក់ដាំបាន ជាលើកដំបូងសូម្បីតែពីរគូបក៏ដោយ ក៏ចាត់ទុកថាជាលទ្ធផលដែលភាគីឈ្មួញវៀតណាមទុកចិត្ត និងបន្តបោះកញ្ចប់ឲ្យរត់ការធ្វើថែមទៀត ។ បញ្ហាទាំងអស់នេះហើយ ដែលសមត្ថកិច្ចមានតួនាទីបង្ក្រាប មួយចំនួនត្រូវថ្នាំគេរត់ការ មួយចំនួនទៀតកំពុងស្រក់ទឹកមាត់ ទន្ទឹមនឹងអាជ្ញាធរខេត្តក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តជិះសេះលែងដៃ អនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនឈើ កន្លងទៅទៅវៀតណាមតាមច្រកប៉ុស្តិ៍៧ ដូចហែកឋិន ហើយថ្មីៗនេះទៀត ក៏ចាប់ផ្តើមបង្វែរទិសដៅមកដឹកជញ្ជូនឈើតាមច្រកដាក់ដាំវិញម្តង ។ ទោះជាមានករណី រិះគន់ទៅលើអាជ្ញាធរខេត្តមណ្ឌលគិរីក៏ដោយ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ អង្គភាពនគរវត្តមិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេដោយទូរស័ព្ទគ្មានអ្នកទទួលថា តើគាត់មានវិធានការបង្ក្រាប ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ឬក៏បានពាក់ព័ន្ធនឹងផលប្រយោជន៍ទាំងនេះ? ។
ថ្នាក់លើគួរតែមានវិធានការ ទប់ស្កាត់បទល្មើសព្រៃឈើដែលត្រៀមដឹកទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះផង ខណៈអ្នកមានតួនាទីបង្ក្រាប ទទួលកញ្ចប់គេអស់ហើយ ពិសេស មានឧកញ៉ាចំនួន៣រូប ដែលនៅពីក្រោយខ្នងបទល្មើសឈើនេះ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរជំនាញនៅក្នុងខេត្តមណ្ឌលគិរី មិនឲ្យចេញមុខ ព្រោះជាមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ ដែលមានឈ្មោះអសោចិ៍ ទើបគេឲ្យមនុស្សផ្សេងជាអ្នកមកចេញមុខរត់ការ ឲ្យតំណាងជាម្ចាស់ឈើ ដើម្បីឲ្យឈើទាំងនោះឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ដូចអ្វីដែលពួកគេរំពឹងគិត ថានឹងអូសឈើទាំងនោះទៅឲ្យវៀតណាមបាន ដូចអ្វីដែលពួកគេបានយកលុយមករត់ការនេះ ៕ សុខ ខេមរា