ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលចំការមនឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់ មិនបានសម្រេច ដោយសារជនរងគ្រោះទាញកាបូបមកវិញធ្វើឲ្យជនសង្ស័យម្នាក់នៅពីក្រោយធ្លាប់ពីលើម៉ូតូ ហើយពលរដ្ឋនាំគ្នាចាប់បានម្នាក់ ចំណែកអ្នកបើកម៉ូតូជិះរត់គេចខ្លួនបាត់ ។
ករណីឆក់កាបូបស្ពាយខាងលើនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង២៥នាទីព្រឹក នៅចំណុចមុខហាងគុយទាវ ទសវត្តន៍៦០ ផ្លូវលេខ១៧៥ ក្រុម២៦ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះសំ សុខឡាយ ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ( ប្រើប្រាស់គ្រឿងញៀន ) ។ ចំណែកជនរងគ្រោះឈ្មោះ ខេងពិទូ ពុធធីតា ភេទស្រី អាយុ៣៧ឆ្នាំ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៣ ផ្លូវលេខ៩៥ សង្កាត់បឹង ត្របែក ខណ្ឌចំការមន ( របួសធ្ងន់បាក់ឆ្អឹងជំនី ) ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះសឿម ណារិន ភេទប្រុស អាយុ៤៨ឆ្នាំ ខ្មែរ មុរបរពាណិជ្ជករ បានចេញពីហាងលក់គុយទាវ ទសវត្តន៍៦០ ផ្លូវលេខ១៧៥ ក្រុម២៦ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន (ត្រូវជាប្តី) បានដើរជាមួយជនរងគ្រោះឈ្មោះ ខេងពិទូ ពុធធីតា ភេទស្រី អាយុ៣៧ឆ្នាំ ( ត្រូវជាប្រពន្ធ) ដោយដើរសំដៅទៅយករថយន្ត ។ ពេលនោះជនរងគ្រោះ ដើរនិងស្ពាយកាបូប ពណ៌ខ្មៅ ដាក់កុំព្យូទ័រយួរដៃ០១គ្រឿងដើរបាន ប្រហែល៥ទៅ៦ម៉ែត្រ ក៏ត្រូវមានជនសង្ស័យ២នាក់ឈ្មោះ សំ សុខឡាយ រួមនឹងបក្ខពួកម្នាក់ទៀតជិះម៉ូតូ១គ្រឿង ម៉ាកបីត (HONDA Beat )ពណ៌ខ្មៅ គ្មានស្លាកលេខ មកអែបខាង ឆ្វេងដៃ ជនរងគ្រោះ ហើយជនសង្ស័យខាងលើ ដែលជិះខាងក្រោយបាន ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ ប៉ុន្តែត្រូវ ជនរងគ្រោះទាញកាបូបវិញ បណ្តាលឲ្យជនសង្ស័យធ្លាក់ពីលើម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរនោះឃើញជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបាន ជិះគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះបានដួលបណ្តាលឲ្យរបួសធ្ងន់បាក់ឆ្អឹងជំនី ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជនរ៉ូយ៉ាល់ភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស រស្មី