ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តរឹតបណ្តឹងការចុះល្បាត និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅមូលដ្ឋានឲ្យបានល្អ ជូនពលរដ្ឋរស់នៅដោយសុខដុមរមនា

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរ និង មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរឹត បណ្តឹងការចុះល្បាត និងបង្រ្កាបនូវរាល់បទល្មើស ជាពិសេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ និង វាសនា អនាគត របស់កូនចៅយើងទាំងអស់គ្នា។

ការណែនាំឲ្យមានការរឹតបណ្តឹងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ៩កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីប៉ូលីស នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អាជ្ញាធរខណ្ឌទាំង១២និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គ្រឿងញៀនពិតជាបានធ្វើឲ្យប៉ះពាល់ដល់ធនធានដ៏មានសក្កដានុពលរបស់ប្រទេសជាតិដូច្នេះត្រូវរួមគ្នា ការពារ ទប់ស្កាត់ ឲ្យបានខ្លាំងក្លាបំផុត នូវការប្រើប្រាស់ ការជួញដូរ ការធ្វើចរាចរគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញឲ្យបាន។ កន្លងមកនេះ មានអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួន ហាក់មានការ ព្រងើយកណ្តើយ ចំពោះការបង្រ្កាប ការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅដល់មហាជន យុវជន ធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន ត្រូវបានគេមើលឃើញថា មានករណីកើតឡើងជាច្រើន ជាពិសេសនៅពេលថ្មីៗនេះ មានការណីចរាចរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវ កម្លាំងមានសមត្ថកិច្ច សហការគ្នាអន្តរាគមន៍ និងចាប់បាននៅក្នុងរាជធានីភ្នំពេញ។

ពាក់ព័ន្ធនិងបញ្ហានេះ ទើបគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានកោះប្រជុំ ដល់កងកម្លាំង និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន បង្កើនការរឹតបណ្តឹង ទាំងការទប់ស្កាត់ ការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នឹងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ តាមអនុសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ បំរើរាស្រ្តដោយស្មោះត្រង់បំផុត និងបំរើកាន់តែទ្វេរឡើងថែមទៀត។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា៖ បញ្ហាគ្រឿង ញៀន ផលប៉ះពាល់របស់វា មិនមែនចំពោះមនុស្សចាស់ឬក្មេងទេ គឺវាអាចកើតមានទាំងអស់ បើយើងមិនបានយកចិត្តទុកដាក់នោះ ។ ប៉ុន្តែអ្វីដែលយើងត្រូវបានយកចិត្តទុកដាក់ខ្ពស់នោះគឺស្រទាប់យុវជននេះហើយ ដោយសារតែ យុវជនកម្លាំងស្នូល ជាទំពាំងស្នងឫស្សី ជាធនធានដ៏មានតម្លៃ ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ។

លោក បន្ដថា៖ ការទប់ស្កាត់គ្រឿងញៀន ទទួលជោគជ័យទៅបាន គឺ មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ គឺជាការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ដើម្បីជោគវាសនា អនាគត កូនចៅ យើងទាំងអស់គ្នា៕ សំរិត


ចែករំលែក៖