ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ ,​ តុលាការ​កំពូល​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​២២​ ខែ​សីហា​ នេះ​ សម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ​ ដោយ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល​ និង​ ជា​អ្នក​នាំ​ពាក្យ​ផងដែរ​ ។

វាសនា​លោក​ កឹម​ សុខា​ ពេល​នេះ​ គឺ​ ខុស​ពី​លោក​ គឹម​ សុខ​ ,​ ស្ត្រី​សកម្មជន​បឹងកក់​៤នាក់​ និង​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ ដែល​ត្រូវ​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​ ។

លោក​កឹម​ សុខា​ ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​ ជិត​១ឆ្នាំ​ ហើយ​នោះ​ ពុំ​ត្រូវ​បាន​បញ្ជូន​មក​ចូលរួម​សវនាការ​នៅ​តុលាការ​កំពូល​ ទេ​ ។

ទោះបី​យ៉ាងណា​ មេធាវី​លោក​កឹម​ សុខា​ បាន​បង្ហាញ​វត្តមាន​ ដើម្បី​បំពេញ​នីតិវិធី​របស់​តុលាការ​កំពូល​ ។

ជាមួយ​ការ​ចាប់ផ្ដើម​សវនាការ​នេះ​ ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ ជា​ច្រើន​ស្ថាប័ន​ រួម​ទាំង​អង្គ​ការ​ជាច្រើន​ទៀត​នោះ​ ទន្ទឹង​រង់ចាំ​ក្រៅ​របង​តុលាការ​កំពូល​ ដើម្បី​ចង់​ដឹង​លទ្ធផល​ តើ​តុលាការ​កំពូល​ ដោះលែង​លោក​កឹម​ សុខា​ ដែរ​ឬទេ​ ? ពេល​នេះ​ លទ្ធផល​ បាន​ដឹង​ហើយ​ គឺ​ តុលាការ​កំពូល​ សម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ នោះ​ទេ​ ។

មតិ​ខ្លះ​ ថា​ អាច​នឹង​មាន​ការ​ដោះលែង​លោក​កឹម​ សុខា​ ព្រោះ​បាន​មើល​ឃើញ​ថា​ បុគ្គល​លេចធ្លោ​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​ ។

ក្នុង​នោះ​ មាន​លោក​គឹម​ សុខ​ អ្នក​វិភាគ​សង្គម​ ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​៤នាក់​ និង​ ចុងក្រោយ​ គឺ​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរនាក់​ ។

ការ​សម្រេច​ទាំង​អស់​នេះ​ ត្រូវ​បាន​តុលាការ​អះអាងថា​ ធ្វើ​តាម​ច្បាប់​ ពុំ​មែន​ស្ថិត​ក្រោម​ហេតុផល​នយោបាយ​ទេ​ ទោះបី​មជ្ឈដ្ឋាន​ខ្លះ​មិន​យល់​ស្រប​ក៏​ដោយ​ ។

ដីកា​តុលាការ​កំពូល​ ដែល​ទទួល​បាន​បង្ហាញ​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​គង់​ ស្រ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​៕ ចេស្តា


ចែករំលែក៖