ខេ្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងម្នាក់ កំពុងដើរតាមចិញ្ចើមផ្លូវ ត្រូវម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងមានឈ្មោះ ម៉ា ឡាច ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកអង្គបុរី ខេត្តតាកែវ របួសធ្ងន់ ។ ចំណែកម៉ូតូបង្កមិនស្គាល់ម៉ាក ជិះដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ក្រោមមានហេតុការណ៍កើតឡើង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើកំពុងដើរតាមចិញ្ចើមផ្លូវ ធ្វើដំណើរក្នុងទិសដៅពីជើងទៅ ត្បូង ( តាខ្មៅឆ្ពោះជ្រៃធំ ) លុះដើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកក្នុងល្បឿនលឿន និងពុំប្រុងប្រយ័ត្ន បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកថ្មើរជើងទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អធិការដ្ឋាននគរបាលស្រុក ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុក ៕ ស្អាងជ័យ