ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបង្ការអគ្គិភ័យបើទោះបីជារាជរដ្ឋាភិបាលបានបន្ថែមរថយន្តពន្លត់អគ្គិភ័យជាបន្តបន្ទាប់នៅតាមរាជធានីខេត្តយ៉ាងណាក៏ដោយនោះ ។
ថ្លែងនៅក្នុងពិធីប្រគល់រថយន្តអគ្គិភ័យប្រមាណ៨៧គ្រឿង ដល់គ្រប់ស្នងការរាជធានី-ខេត្តនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះនៅក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេងបានលើកឡើងថាបើទោះបីជារាជរដ្ឋាភិបាលបានបង្កើននូវរថយន្តពន្លត់អគ្គិភ័យជាបន្តបន្ទាប់នៅតាមរាជធានីខេត្តយ៉ាងណាក៏ដោយក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវធ្វេសប្រ ហែសឡើយចំពោះអគ្គិភ័យនេះ ពីព្រោះថាអាជ្ញាធរឬមន្រ្តីជំនាញមិនប្រាកដថាអាចនឹងជួយបានទាន់ចិត្តនោះដែរ ។
សម្តេចបានលើកឡើងទៀតថា«ការបង្កើនការប្រុងប្រយ័ត្នគឺជាកត្តាសំខាន់បំផុតដើម្បីជៀសវាំងកុំឲ្យអគ្គិភ័យវាកើតឡើង ដែលវាអាចបង្ករឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក៏ដូចជាទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ» ។ យ៉ាងណាក៏ដោយនៅ ក្នុងពិធីប្រគល់នោះសម្តេចក្រឡាហោម ក៏បានព្រមានដល់មន្រ្តីជំនាញពន្លត់អគ្គិភ័យទាំងអស់មិនត្រូវធ្វើអ្វីឲ្យហួសវិជ្ជាជីវៈរបស់ខ្លួនផងដែរដើម្បីធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។
សម្តេចបានសង្កត់ធ្ងន់ថា«យើងមិនអាចយកឡានរដ្ឋទៅរកស៊ីឲ្យខុសវិជ្ជាជីវៈរបស់យើងបានទេ ហើយមិនត្រូវគំរាមពួកគាត់ជាថ្នូនឹងការបាញ់ពន្លត់នូវអគ្គិភ័យពេល ដែលផ្ទះរបស់ពួកគាត់កំពុងតែឆេះបានទេ ប៉ុន្តែប្រសិនបើយើងធ្វើបានជោគជ័យហើយពួកគាត់ផ្តល់ជូនដើម្បីលើកទឹកចិត្ត យើងអាចយកបានពីព្រោះវាជាការតប់ស្នងរបស់ពួកគាត់» ។
សូមបញ្ជាក់ថានៅក្នុងរយៈពេលប្រាំមួយខែឆ្នាំ២០១៨នេះមនុស្សចំនួន១៥នាក់បានស្លាប់ និងរងរបួសជាង៣០នាក់ និងខូចខាត់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋទាំងស្រុង ចំនួន៣១៦ខ្នងដោយសារអគ្គិភ័យ ហើយតួលេខនេះបានកើនឡើងជាងឆ្នាំ២០១៧កន្លងទៅបើប្រៀបធៀបរយៈពេលដូចគ្នា ។ ភាគច្រើន ដែលបង្ករឲ្យមានអគ្គីភ័យកើតឡើង គឺបណ្តាលមកពីចរន្តអគ្គិសនី ភ្លើងទៀន ធួប ចង្រ្កានហ្គាស់ និងកត្តាផ្សេងៗជាដើម ។
រាជរដ្ឋាភិបាលបានទិញរថយន្តពន្លត់អគ្គិភ័យចំនួនពីររយគ្រឿងបន្ថែមទៀត ដើម្បីបំពាក់នៅតាមស្រុក និងខណ្ឌទូទាំងប្រទេស សម្រាប់ទុកបង្ការអគ្គិភ័យកើតឡើង ដោយយថាហេតុណាមួយ ហើយរថយន្តទាំងពីររយគ្រឿងនេះគឺបានដឹកមកដល់ប្រទេសកម្ពុជាហើយផងដែរ ។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទង និងអគ្គិភ័យនេះមិនត្រូវប្រហែស ដែលជាកត្តាធ្វើឲ្យអន្តរាយទាំងអាយុជីវិត និងទ្រព្យសម្បត្តិនោះឡើយ៕ តាឡឹម