ខេត្តកណ្តាល៖ ក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយគ្នាយ៉ាងសាហាវ បានជ្រុលទៅបុកខឿនរង្វង់មូលលោកតាម៉ៅ បណ្ដាលឲ្យដួល រួចបានចុះទៅវាយបន្ថែមទៀត ធ្វើឲ្យជនរងគ្រោះទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១ និង២០នាទីរសៀល ស្ថិតនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរសិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបូរមាត់ និងបានដាច់ខ្យល់ស្លាប់ខណៈដល់មន្ទីរពេទ្យ) ។ ចំណែកក្រុមជនសង្ស័យមានគ្នា៤នាក់ ទី០១-ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ លាស់ ខរី ភេទប្រុស អយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ អាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ និងទី៤-ឈ្មោះ ម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៤នាក់ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យកំពុងតែអង្គុយលេងលើម៉ូតូ នៅចំណុចអ្នកតាថៃជឺ មាត់ទន្លេ ខណៈនោះក៏ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏បានជិះម៉ូតូដេញតាមរហូតដល់កន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង ធ្វើឲ្យម៉ូតូទាំងពីរជ្រុលចង្កូតទៅបុកខឿនលោកតាម៉ៅដួលបោកទាំងសងខាង។
បន្ទាប់មកជនជនសង្ស័យក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួសបាក់ធ្មេញ និងរយះបបូរមាត់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន ក៏បានដាច់ខ្យល់ស្លាប់តែម្តង។ រីឯជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ