ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ចោរប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ខណ្ឌចំការមន អស់១០ម៉ឺនដុល្លារកណ្តាលថ្ងៃចែស (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នៅវេលារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នេះ ព្រឹត្តិការណ៍អសន្តិសុខមួយ​បានកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញតែម្តង គឺក្រុមចោរបានធ្វើសកម្មភាពប្លន់ធនាគារទាំងកណ្តាលថ្ងៃចែស ។

ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវប្រភពរាយការណ៍បឋមមកថា មានក្រុមចោរប្រដាប់ដោយអាវុធចូលធ្វើសកម្មភាពប្លន់ ។ ពេលនេះ ប្រជាពលរដ្ឋអ្នកធ្វើដំណើរដេរដាស់មីណាន់តាន់តាប់ នាំគ្នាចោមរោមមើលទីតាំងកន្លែងកើតហេតុ ខណៈសមត្ថកិច្ច​បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនតាមប្រមាញ់ជនសង្ស័យថ្លើមពាសមេឃ ដែលហ៊ានអីហ៊ានយ៉ាងនេះ មកធ្វើសកម្មភាពប្លន់ប្រដាប់អាវុធដល់ក្នុងធនាគារគេបែបនេះចឹង ។

បុគ្គលិកធនាគារ​ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីឲ្យដឹងពីហេតុការណ៍ជាក់ច្បាស់ ។

ករណីប្លន់បែបនេះ ដើមឡើយធ្លាប់តែឃើញនៅក្នុងរឿងកុនហូលីវូដ រឿងកុនចិនហុងកុងប៉ុណ្ណោះ ប៉ុន្តែពេលនេះ កើតមានប្រាកដហើយនៅកម្ពុជាយើងនេះ ។ សាក្សីបង្ហើបថា ខ្មាន់កាំភ្លើងបានចូលដល់ធនាគារ ហើយដកកាំភ្លើងភ្ជង់បុគ្គលិក រួចប្រមូលលុយដាក់ថង់ ទើបដាក់សាប៊ូគូថ ប្រ៉ុចតែម្តង ។

សាក្សីនិយាយថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែល៥នាក់  ប្រដាប់ដោយកាំភ្លើង២ដើមចូលធ្វើសកម្មភាព ។ សមត្ថកិច្ចបានបង្ហើបឲ្យភ្នាក់ងារនគរវត្តដឹងយ៉ាងខ្លីថា លុយដែលចោរយកបាន មានប្រមាណ១០ម៉ឺនដុល្លារ ។ ក្រោយធ្វើសកម្មភាពក្រុមចោររត់គេចខ្លួនដោយសុវត្ថិភាព ៕

 


ចែករំលែក៖