ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ៥នាក់ បន្ទាប់ពីពួកគេទំនាសគ្នានៅក្នុងហាងផឹកសុី(សាច់ឆ្កែ)មួយកន្លែង ហើយបានដេញវាយតប់គ្នាយ៉ាងអនាធិបតេយ្យលើផ្លូវសាធារណៈ ។
ប្រតិបត្តិការខាងលើនេះបានអនុវត្តឡើងនៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធសំរឹទ្ធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចកន្លែងផឹកសុីលក់សាច់ពិសេស(ឆ្កែ) ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍លោក ញាណ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នារបានឲ្យដឹងថា ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នា ៥នាក់ត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ ងូច សីលា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ទី២ ឈ្មោះ ខេម គង់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ អេ ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ទី៤ ឈ្មោះ អ៊ូ ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងទី៥ ឈ្មោះ ចាន់ អេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ក្នុងនោះកម្លាំងដកហូតនូវសម្ភារ និងវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 4944 ដបស្រាចំនួន ៤ដប និងដែកបំពង់ទីបប្រវែងកន្លះម៉ែត្រ ១ដើម ។
ដោយឡែក៖ លោក វរៈសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងដែរថា ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នាចំនួន ៥នាក់នេះ មានទំនាសផ្ដើមចេញពីក្នុងហាងផឹកសុី និងលក់សាច់ពិសេស(ឆ្កែ)មួយកន្លែង ដោយក្រុមភាគ្គីម្ខាងមានគ្នាចំនួន ៤នាក់ បន្តិចក្រោយមក ក៏មានភាគ្គីម្ខាងទៀតចូលមកតុក្បែគ្នា មិនបានផឹកសុីផងស្រាប់តែមើលមុខគ្នាចុះឡើងៗ ក៏កើតទំនាសដេញវាយគ្នាពេញផ្លូវសាធារណតែម្ដង ហើយចំពោះជនសង្ស័យបាននឹងកំពុងបន្តនីតិវិធី ដើម្បីអប់រំដោយលាយលក្ខណ៍ជាអក្សរ និងមានអ្នកធានាត្រឹមត្រូវ៕ ដោយ បឹុម ពិន