ទំនាក់ទំនងរវាងជប៉ុននឹងកូរ៉េខាងជើង ពិបាកឈានទៅរកការផ្សះផ្សាគ្នាណាស់ បើទោះបីកន្លងមកជប៉ុនធ្លាប់បានសន្យាថានឹងផ្តល់ជំនួយរាប់សិបពាន់លានដុល្លារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដល់កូរ៉េខាងជើងក្តី ។ បញ្ហាអតីតកាលនៃការឈ្លានពានរបស់ ជប៉ុនបានរារាំងដល់ការផ្សះផ្សាទំនាក់ទំនងនេះ ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងនៅថ្ងៃទី២៣ខែសីហា បានផ្សាយថា ប្រសិនប៉ុនមានបំណងចង់ផ្សះផ្សាទំនាក់ ទំនងនោះគឺទីក្រុងតូក្យូត្រូវសុំទោស និង សងសំណងជាមុនដល់កូរ៉េខាងជើងសិន ។បើមិនដូច្នោះទេ មិនអាចធ្វើឲ្យទំនាក់ ប្រទេសទាំងពីរល្អប្រសើរនោះឡើយ ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់ប៉ាស៊ីហ្វិក ក៏បានអះ អាងដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មិនដែលលើកឡើងពីពាក្យ ផ្ដល់សំណង និងទទួលខុសត្រូវលើទង្វើ ដែលជប៉ុនបានធ្វើ នៅអំឡុងពេលគ្រប់ គ្រងកូរ៉េនោះទេ (១៩១០-១៩៤៥)។ អ្នកនាំពាក្យរូបនេះបន្ថែមដូច្នេះថា៖ «ជប៉ុន គួរតែយល់ឱ្យច្បាស់ថា បើគ្មានសំណង និងការសុំទោសសម្រាប់បទឧក្រិដ្ឋដែល ខ្លួនបានធ្វើពីអតីតកាលទេ នោះក៏គ្មាន កិច្ចចរចា ហើយក៏មិនអាចឈានទៅរក អនាគតថ្មីសូម្បីតែមួយជំហាន»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញការលើកឡើងបែបនេះ ទំនងជាទីក្រុងព្យុងយ៉ាងចង់ព្យាយាមដាក់លក្ខខណ្ឌជាមុនលើទីក្រុង តួក្យូ ដែលបានបង្ហាញពីចេតនាចង់ផ្ដើមកិច្ចចរចាជាមួយកូរ៉េខាងជើង ជា បន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសថា នឹងបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបន្តទៀត ។ការប្រកាសខាង លើ បន្ទាប់ពីមានការពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្ដីពីកូរ៉េខាងជើង និងជំនួបរវាងអ្នកទាំងពីរនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែ សីហា ឆ្នាំ២០១៨។
អ្នកនំាពាក្យសេតវិមាន លោកស្រី Sarah Sanders បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយដូច្នេះថា៖ «លោក ប្រធានាធិបតីត្រាំ និងលោក នាយករដ្ឋមន្រ្តីអាបេ បានពិភាក្សាគ្នាពីកូរ៉េ ខាងជើង និងជំនួបរវាងអ្នកទាំងពីរនៅឯ មហាសន្និបាតអង្គការសហប្រជាជាតិ …ហើយនៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរក៏បានប្ដេជ្ញាចិត្តផងដែរថានឹងបន្តការដាក់ទណ្ឌកម្មអតិបរមាប្រឆាំងនឹងកូរ៉េខាងជើង»។
សូមជម្រាបថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាថ្មីម្ដងទៀត ហើយថាលោកពិតជាមានជំនឿថាទីក្រុងព្យុងយ៉ាង បាននិងកំពុងចាត់វិធានការនានា ក្នុងការ រំសាយអាវុធ នុយក្លេអ៊ែរ បើទោះជាអ្នក ជំនាញអន្តរជាតិអះអាងថាទីក្រុងព្យុងយ៉ាង មិនបានធ្វើអ្វីទាល់តែសោះក៏ដោយ៕ ម៉ែវ សាធី