ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកបុកម៉ូតូហុងដាឌ្រីមពីក្រោយ និងកិនម្ចាស់ម៉ូតូអូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ទុបស្រាបៀរ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ខាងលើមានឈ្មោះ ប៉ុន នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបកម្មករសំណង់ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តកណ្ដាល និងអ្នករួមដំណើររបួសស្រាល ឈ្មោះ ចន វី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្បែរគ្នា និងមានស្រុកកំណើតនៅស្រុករំដួល ខេត្តព្រៃវែង ។
ដោយឡែកតៃកុងរថយន្តបង្កមានឈ្មោះ ឯក រ៉ាត់ អាយុ៤០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅស្រុកបសែត ខេត្ដកំពង់ស្ពឺ ។
បើតាមសម្ដីជនរងគ្រោះដែលរបួសស្រាល បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-7684 បានឌុបគ្នាមកពីធ្វើការសំណង់នៅម្ដុំផ្សារដើមគរ ដោយធ្វើដំណើរតាមបណ្ថោយផ្លូវ២១៧ ទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5731 ដែលបើកបរដោយបុរសម្នាក់ រួមដំណើរនិងព្រូម្នាក់ បានមកពីក្រោយស្របទិសជាមួយម៉ូតូ ហើយក៏បុកម៉ូតូពីក្រោយធ្វើឲ្យម៉ូតូ និងម្ចាស់ដួល ត្រូវរថយន្តបង្កកិនបុរសម្នាក់ជាម្ចាស់ម៉ូតូ អូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ រីឯរូបគាត់អង្គុយពីក្រោយរងរបួសស្រាល ។
ក្រោយពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនតៃកុងរថយន្តបង្ក និងព្រូ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះសម្រួលចរាចរណ៍ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅកាន់ការិយាល័យចរាចរណ៍គោក នៃស្នងការដ្ខាននគរបាលរាជធានីភ្នំពេញ រួមទាំងប្រគល់តៃកុងរថយន្តបង្ក ឲ្យទៅរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិ និងប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ