ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំមើលមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងផង

ចែករំលែក៖

រឿងអាស្រូវពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្តចំណុចថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានលាតត្រដាងជាសាធារណៈដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹងឮ ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។ បើតាមប្រភពពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក គី វីរិន ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ដែលអាចមានខ្នងបង្អែករឹងមាំ ។

តាមប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់ទទឹង ផ្លូវជាតិលេខ៧ ភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំទីតាំងស្ថានីយជញ្ជីងរថយន្តនេះកំពុងប្រមូលលុយដោយគ្មានញញើតអ្វីទាំងអស់ ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គួរចាត់វិធានការទៅលើអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់ទទឹង ផ្លូវជាតិលេខ៧ ភូមិស្លាបក្ដោង ឃុំជប់ ជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្ត ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរ ។

តាមការអះអាងរបស់ក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ចំណុចថ្នល់ទទឹង បានឲ្យដឹងថា ទោះបីពួកគេដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់ទទឹងនោះដោយមិនអាចតវ៉ាបានដែរ ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមព្រោះពួកគេមិនខ្វល់ពីរឿងរថយន្តធំៗផ្ទុកទំនិញលើសទម្ងន់ធ្វើឲ្យខូចផ្លូវ ឬខូចស្ពាននោះទេគឺពួកគេកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងងងើល ។

ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ក្នុងមួយយប់ៗមានឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តធំៗឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងរាប់រយគ្រឿង ហើយក៏មានឈ្មួញដឹកជញ្ជូនកសិផលដូចជា ដំឡូងមី ស្រូវ និងកៅស៊ូចេញទៅប្រទេសវៀតណាម ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងរាប់រយគ្រឿងផងដែរ ។ ដូច្នេះចាប់ពីម៉ោង៩យប់ដល់ម៉ោង៤ទៀបភ្លឺ គឺក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រមូលលុយបានមិនតិចឡើយយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទមបំផុត ៕


ចែករំលែក៖