ព័ត៌មានទាន់ហេតុការណ៍៖

ជាប់​គុក​ត្រឹម​១៣​ថ្ងៃ​ ប៉ុណ្ណោះ​​ ,​ មន្ត្រី​យោធា​ នួន​ ប៉ូ​ អាង​អំណាច​យក​កាំភ្លើង​វាយក្បាល​​អ្នក​លក់​ប្រហិត​ ត្រូវ​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ដោះលែង​វិញ

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​យោធា​ឈ្មោះ​ នួន​ ប៉ូ​ ត្រូវ​បាន​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ហើយ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ត្រឹម​តែ​១៣​ថ្ងៃ​ប៉ុណ្ណោះ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ យល់​ឃើញ​ថា​ នេះ​ជា​ការ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ជា​អំណាច​ឯករាជ្យ​របស់​តុលាការ​ ។

លោក​ អ៊ី​ រិន្ទ​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ពិត​ជា​មាន​ការ​អនុញ្ញាត​ឱ្យ​ជនត្រូវ​ចោទ​ នួន​ ប៉ូ​ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ មែន​ ។

លោក​ អ៊ី​ រិន្ទ​ បញ្ជាក់​ថា​ លោក​ចៅក្រម​រស់​ ពិសិដ្ឋ​ បាន​ដោះលែង​តាំងពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ម​ក​ម្ល៉េះ​ តែ​នីតិវិធី​នៅ​បន្ត​ដដែល​ ។

គួរ​បញ្ជាក់​ថា​ មន្ត្រី​យោធា​ នួន​ ប៉ូ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។ ​

លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ នួន ប៉ូ ភេទប្រុស អាយ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ របួសដៃខាងស្តាំ និងរបួសក្បាលលើសៀតផ្កាខាងឆ្វេង ។

សមត្ថកិច្ច​ អះអាង​ពី​ដំណើរ​រឿង​ថា​ ករណី​នេះ​ កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០២​ ខែ​សីហា​ នៅ​ចំណុច​តាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

មុនពេលកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចកើតហេតុ បានបុកជាមួយរឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណះ រួចឈ្មោះ សៅ ចាន់ធី មិនឈប់រថយន្តធ្វើការដោះស្រាយ ទើបឈ្មោះ យ៉ែម វណ្ណះ យកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តា​ឱ្យ​បែកញ្ចក់​ខាងស្តាំ និងបានផ្លាតដុំថ្មទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ ។

ភ្លាមនោះ ជនសង្ស័យឈ្មោះនួន ប៉ូ បានយកកាំភ្លើងខ្លី ម៉ាកP08ពីក្នុងឡានរបស់ខ្លួន វាយមកលើជនរងគ្រោះបណ្តាឱ្បែកក្បាលលើសៀតផ្កាខាងឆ្វេង ។

បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕ ចេស្តា


ចែករំលែក៖