ព័ត៌មានទាន់ហេតុការណ៍៖

ផ្នែកខ្លះនៃខេត្តព្រៃវែងតែងទទួលរងនូវគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ

ចែករំលែក៖

ខេត្តព្រៃវែង៖ ព្រៃវែងជាខេត្តមួយដែលមានដងទន្លេមេគង្គឆ្លងកាត់ តែងតែទទួលរងគ្រោះនូវទឹកជំនន់ ជារៀងរាល់ឆ្នាំ ដោយបានបង្កឲ្យមានការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំ របស់ប្រពលរដ្ឋរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ ដែលតម្រូវឲ្យមានការឆ្លើយតប ជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ រួមទាំងការស្តារឡើងវិញនៅក្រោយពេលគ្រោះទឹកជំនន់ នេះផងដែរ។

លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្ត រាយ ៧ខែ ដើមឆ្នាំ២០១៨ នៅសាលាខេត្តព្រៃវែង ក្រោមការអញ្ជើញចូលរួមពីលោកបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៤ សីហានេះ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ សីហា ទឹកមានកម្ពស់ អតិបរមា ៦,៨៤ ម៉ែត្រ ខណៈកំរិតប្រកាសអាសន្នមានកម្ពស់ ៧,៥០ ម៉ែត្រ បើធៀបនឹង ឆ្នាំ២០១៧ គឺខ្ពស់ជាង ១,២៤ ម៉ែត្រ។ ចំណែកស្ថានភាពទឹកភ្លៀងវិញ គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តទទួលរងទឹកភ្លៀងគ្របដណ្តប់គ្រប់ទីកន្លែង ប៉ុន្តែមានឃុំមួយចំនួនជួប គ្រោះរាំងស្ងួតផងដែរ។

លោកថា ស្ថានភាពកម្ពស់ទឹកខាងលើនេះបណ្តាលឲ្យមានផល ប៉ះពាល់ក្រុង ស្រុក ចំនួន ១១ លើ ១៣ ឃុំ សង្កាត់ ដោយមានចំនួនគ្រួសាររងគ្រោះ ២ម៉ឺន ៩ពាន់ ២២៥គ្រួសារ ជម្លៀសទៅកាន់ទីសុវត្ថិភាពចំនួន ៣៧០គ្រួសារ និងមានមនុស្សស្លាប់ ដោយសារលង់ទឹកចំនួន ៦នាក់ រួមនិងការលិចលង់ផ្ទះសម្បែង ផលដំណាំស្រូវ ដំណាំរួមផ្សំ មណ្ឌលសុខភាព ផ្លូវលំ អណ្តូងទឹក ទំនប់ ប្រឡាយ។ល។ ដែលត្រូវស្តារឡើងវិញនៅក្រោយ គ្រោះទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា មិនថាតែកម្ពុជាទេ គឺនៅបណ្តា ប្រទេសជាច្រើនទៀត គឺបាន និងកំពុងទទួលរងនូវគ្រោះធម្មជាតិមាន គ្រោះទឹកជំនន់ ខ្យល់ ព្យុះជាដើម ដែលបានបង្កនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ តួយ៉ាងដូចជានៅ ប្រទេសឥណ្ឌាកំពុងមានគ្រោះទឹកជំនន់ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកបានជួបនូវគ្រោះកាចនៃ ខ្យល់ព្យុះ។ល។ លោកថា ពិភពផែនដីកំពុងតែមានការប្រែប្រួលនៃអាកាសធាតុដ៏គួរព្រួយ បារម្ភ ដែលវាបង្កនូវគ្រោះថ្នាក់កាន់តែខ្លាំងទៅៗ ដែលពិបាកនឹងទប់ទល់។

លោក ញឹម វណ្ណដា បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រៃវែងឲ្យតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយពីធម្មជាតិ និងត្រូវមានវិធាន ការណ៍ក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ៕ តាឡឹម


ចែករំលែក៖