អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia កាលពីថ្ងៃទី២៣ ខែសីហាបានប្រកាសថា រុស្ស៊ីនឹងប្រឆាំងរាល់សំណើររបស់អាមេរិក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនដឹកជញ្ជូនពីរ របស់រុស្ស៊ី និងនាវាដឹកទំនិញ៦គ្រឿង ដោយចោទប្រកាន់ថាបានសហការរកស៊ីជាមួយកូរ៉េខាងជើងបំពានច្បាប់ដាក់ទណ្ឌកម្ម។
កាលពីថ្ងៃទី២២ ខែសីហាអាមេរិកបានផ្ញើរសំណើទៅកាន់គណៈកម្មការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ នេះជាលើកទី៣ហើយ ក្នុងរយៈពេល២ខែកន្លងមក អាមេរិកបានស្នើដល់អង្គការសហប្រជាជាតិដើម្បីដាក់គំនាបទៅលើកូរ៉េខាងជើងឲ្យបោះបង់កម្មវិធីបរមាណូ និងមីស៊ីល។
ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់លិខិតស្នើដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួនពីររបស់រុស្ស៊ី គឺក្រុមហ៊ុនដឹកជញ្ជូន Primorye Maritime Logistics និងGudzon Shipping ព្រមទាំងនាវា៦គ្រឿង ដែលរង់ការចោទប្រកាន់ដឹកជញ្ជូនទំនិញទៅឲ្យកូរ៉េខាងជើង។
អគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជារឿងខុសច្បាប់ ហើយភស្តុតាងដែលអាមេរិកលើកឡើង ដើម្បីដាក់ទណ្ឌកម្ម គឺមិនគ្រប់គ្រាន់នោះឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងទីក្រុងមូស្គូ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ហើយមានតែបង្កជាផលវិបាកតែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសន្យាថានឹងបញ្ជូនកញ្ចប់កាដូទណ្ឌកម្ម បន្ថែមឲ្យទីក្រុងម៉ូស្គូ។ លោក ពូទីន បានលើកឡើងដូច្នេះថា «ការដាក់ទណ្ឌកម្ម គឺជាសកម្មភាពប្រឆាំងផលប្រយោជន៍រួម និងគ្មានប្រយោជន៍អ្វីទាំងអស់ ជាពិសេសគឺការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដូចជារុស្ស៊ី…ហើយខ្ញុំសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងយល់ច្បាស់ថាគោលនយោបាយបែបនេះគ្មានអនាគតនោះទេ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងក្រោយមន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារជាតិអាមេរិក លោកស្រី Sigal Mandelker បានឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែម…បើសិនជារុស្ស៊ីមិនព្រមបោះបង់ចោលនូវ អ្វីដែលលោកស្រីហៅថាសកម្មភាពប្រកបដោយគ្រោះថ្នាក់។
ក្នុងពេលខាងមុខប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ដើម្បីពីភាក្សាលើបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ រុស្ស៊ី និងកូរ៉េខាងជើងនៅតែបន្តសហការគ្នាបើទោះបីមានគំនាមពីអាមរិក និងអង្គការសហប្រជាជាតិក្តី ដោយសារតែប្រទេសទាំងពីរមានព្រំដែនជាប់គ្នា។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកូរ៉េខាងជើង សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានផ្សាយថា ទីក្រុងព្យុងយ៉ាង ទំនងជាបានផ្អាកការកម្ទេចទីតាំងធ្វើតេស្តមីស៊ីលផ្លោងរបស់ខ្លួន។
បើតាមវេបសាយអាមេរិកឈ្មោះ North 38 រូបភាពផ្កាយរណប បានបង្ហាញឲ្យឃើញថា ចាប់តាំងតែពីដើមខែសីហានេះមក គេពុំឃើញមានសកម្មភាពគួរឲ្យកត់សម្គាល់ណាមួយ ស្តែងពីការកម្ទេចស្ថានីយបង្ហោះផ្កាយរណបសូហេ (Sohae) នៅក្បែរប្រទេសចិន ដែលត្រូវគេជឿជាក់ថា ជាទីតាំងសម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប របស់កូរ៉េខាងជើងឡើយ។
គួរជម្រាបថា យោងតាមការឃ្លាំមើល នៅក្រោយជំនួបកំពូលនាមិថុនា រវាងលោក គីម ជុងអ៊ុន នឹងលោក ដូណាល់ ត្រាំ កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបំផ្លាញមូលដ្ឋានខាងលើចោល ដែលធ្លាប់ត្រូវប្រើប្រាស់ដើម្បីបាញ់សាកល្បងមីស៊ីលផ្លោង Hwasong-15 កាលពីឆ្នាំមុន៕ ម៉ែវ សាធី