ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបារម្ភខ្លាចរុស្ស៊ីលូកលាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិកនឹងត្រូវ ធ្វើឡើងនៅក្នុងខែ វិច្ឆិកាខាងមុខ ។ ការបោះឆ្នោតនោះត្រូវ បានគេរំពឹងថា លោកត្រាំនឹងត្រូវបាត់បង់ សំឡេងភាគច្រើន ទាំងនៅក្នុងរដ្ឋសភានិង ព្រឹទ្ធសភា ដោយសារតែពលរដ្ឋ ភាគច្រើនមិនពេញចិត្តនឹងនយោបាយដឹកនាំរបស់លោក។

នៅពេលនេះដែរ ទីប្រឹក្សាសន្តិសុខ ជាតិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ចន បូលតុន បានឲ្យដឹងថា រូបលោកបានព្រមានទីក្រុង មូស្គូ ជុំវិញការចូលលូកលាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ។

នៅក្រោយកិច្ចជួបពិភាក្សាជាមួយ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក បូលតុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអន្តរជាតិថា លោកបានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងពុំមានការអត់ឱនឲ្យឡើយ ចំពោះការលួចចូលជ្រៀតជ្រែកការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ហើយទីក្រុងវ៉ាស៊ីនតោន បាន ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់ វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់កុំឲ្យរឿងនេះកើតមានឡើងបាន។

គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចទៅហើយ ប្រឆាំងនឹង រុស្ស៊ី ជុំវិញការលូកលាន់ចូលកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ខណៈដែលទីក្រុងមូស្គូ បាន ច្រានចោលការចោទប្រកាន់នេះ។ លោក បូលតុន បានសង្កត់ធ្ងន់ថា ដោយសារតែការខ្វែងគំនិតគ្នាជុំវិញបញ្ហានេះហើយ ប្រទេសទាំងពីរ មិនអាចចេញសេចក្តីថ្លែងការណ៍រួមចុងក្រោយមួយបាន នៅក្រោយ កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ នឹងលោក ពូទីន កាលពីពាក់កណ្តាល ខែកក្កដា៕ ម៉ែវ សាធី


ចែករំលែក៖